(ភ្នំពេញ)៖ តារាចម្រៀងអ្នកនាង ម៉ៅ ស៊ីណាត ថ្មីៗនេះបានបញ្ចេញសាររៀបរាប់ភ្ជាប់ជាមួយរឿងរ៉ាវអតីតកាលរបស់ខ្លួន និងបច្ចុប្បន្នដែលនាងបានរងនូវព្យុះព័ត៌មាន រិះគន់វាយប្រហារគ្មានការពិតមួយចំនួន រហូតធ្វើឲ្យនាងខ្លាចសូម្បីតែស្រមោលខ្លួនឯង។ ខណៈពេលខ្លះ​បាត់ទឹកចិត្តលែងខ្វល់ពីអ្វីទាំងអស់ គឺមានតែសម្ងប់រងចាំថ្ងៃស្លាប់ប៉ុណ្ណោះ។

ការបញ្ចេញសំណេរសរសេររៀបរាប់របស់តារាស្រីជើងចាស់ អ្នកនាង ម៉ៅ ស៊ីណាត ពេលនេះបានកើតឡើងស្របពេលដែលថ្មីៗមុននេះបន្តិច មានរឿងរ៉ាវដ៏រសើបជុំវិញការចេញផ្សាយព័ត៌មានលើករណីដែលថា តារាស្រីអ្នកនាង ម៉ៅ ស៊ីណាត ខំប្រឹងចំណាយលុយអស់ខ្ទង់រាប់ម៉ឺនដុល្លារ ដើម្បីកែសម្ផស្សឲ្យស្រស់ស្អាត។ ប៉ុន្តែផ្ទុយទៅវិញបែរជាធ្វើឲ្យនាងខកបំណងលើការចាយលុយនេះ ព្រោះតែមិនសម្រេចដូចការចង់បាន។

ជាប្រតិកម្មឆ្លើយតបលើការចុះផ្សាយព័ត៌មានមួយចំនួន ដែលនាងចាត់ទុកថា នាំឲ្យប៉ះពាល់ដល់កិត្តិយសខ្លួននោះ អ្នកនាង ម៉ៅ ស៊ីណាត បានរៀបរាបសារយ៉ាងវែងអន្លាយ តាមរយៈការទទូចស្នើរដល់អ្នកសារព័ត៌មានថា «ជម្រាបសួរបងប្អូនសារព័ត៌មាន​ទាំងអស់​ជាទីរាប់អាន នាងខ្ញុំ ម៉ៅ ស៊ីណាត សូមលើកដៃសំពះអង្វរពីចំងាយ ដោយក្តីមេត្តា មានអ្នកសិល្បៈច្រើនណាស់ រងគ្រោះដោយសារព័ត៌មិនពិត មិនបានដឹងរឿងច្បាស់ ធ្វើអោយអ្នកសិល្បៈមួយចំនួនខ្លាចរអា មានជំងឺបាក់ទឹកចិត្ត ដោយសារការជាន់ពន្លិចគ្នាថែម អ្នកខ្លះក៏លែងចង់ធ្វើអ្នកសិល្បៈ។»

តារាចម្រៀងយ៉េៗ ម៉ៅ ស៊ីណាត បញ្ជាក់ថាបន្ត «ដូចជារូបនាងខ្ញុំកន្លងមកនិងថ្មីនេះ ត្រូវបានសារព័ត៌ចុះយ៉ាងច្រើន ដោយមិនបានសួរខ្ញុំមួយម៉ាត់ បង​ប្អូន​សារព័ត៌ដឹងទេថាខ្ញុំប៉ះពាល់អ្វីទេ។ កាលច្រើនឆ្នាំមុនខ្ញុំបានបែកបាក់ស្វាមី ខ្ញុំបានរងសំពាធធ្ងន់ណាស់ តែកាន់តែធ្ងន់ជាងនោះទៀត គឺសារព័ត៌វាប្រហារខ្ញុំរហូត ធ្វើអោយខ្ញុំ មានជំងឺផ្លូវចិត្ត ខ្ញុំខ្លាចគេងមិនចង់ងើប ប្រាប់ខ្លួនឯងថាស្អែកស្លាប់ហើយទ្រាំទៅ លែងចង់ច្រៀង និងញ៉ាំ លែងចង់ធ្វើអ្វីទាំងអស់លុយរាប់លលែងដឹង ដឹងតែខ្លាចនិងដេករងចាំស្លាប់។»

អ្នកនាង ម៉ៅ ស៊ីណា និយាយបន្តទៀតថា «ដូចជាថ្មីៗនេះមានការចុះផ្សាយពីខ្ញុំមហាសែនអាក្រក់ សួរថាមានបានសួរខ្ញុំទេគឺអត់ទេ គ្រាន់តែចុះភ្លាម​ភ័ក្ត្រឆាតប្រាប់ ពីការសរសេរក្នុងអត្ថបទខ្លះ ខ្ញុំធ្វើទុកបេះដូងមួយរំពេច ដែលខ្ញុំបានបន្សល់ទុកក្នុងខ្លួនតាំងពីជួបរឿងពីមុនមកម្លេះ នេះជារឿងកើតលើខ្ញុំផ្ទាល់ តើអ្នកសារព័ត៌មានសប្បាយចិត្តទេស្តាប់ហើយ? បើយល់ថាធ្វើត្រូវ ហើយសប្បាយចិត្តមិនខ្វល់ពីអ្នករងគ្រោះ អ្នកសារព័ត៌ធ្វើទៀតចុះ តែខ្ញុំជឿរលើបាបបុណ្យ និងការដាក់ទំនាយណាស់ សូមមេត្តាឈប់សរសេរធ្វើបាបគ្នាអញ្ចឹងងទៀតទៅ ខ្ញុំសូមលើកដៃអង្វរសារនេះ ខ្ញុំសូមផ្ញើរទៅបងប្អូនសារព័ត៌មានឮផង»

ជាមួយគ្នានេះដែរតារាចម្រៀងអ្នកនាង ម៉ៅ ស៊ីណាត ក៏បានចាត់នូវរាល់ការចុះផ្សាយមួយចំនួន ដែលមិនបានសួរនាំឬបញ្ជាក់ដោយផ្ទាល់ពីនាង គឺជាការចុះផ្សាយព័ត៌មានមិនពិត និងបានបដិសេធនូវព័ត៌មានចុះផ្សាយកាលពីថ្មីៗកន្លងមកនេះ ជុំវិញករណីចាយលុយកែសម្ផស្សរាប់ម៉ឺនដុល្លារ ប៉ុន្តែជាលទ្ធផលធ្វើឲ្យនាងខកបំណងផងដែរ៕