(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានដំណឹងតាមរយៈការបង្ហោះផ្សព្វផ្សាយនៅលើបណ្តាញសង្គម និងមើលឃើញពីក្តីអាណិតអាសូរដល់ក្មេងប្រុសកំសត់ម្នាក់ ដែលកំពុងមានជំងឺចម្លែកប្រចាំកាយ (ធំពោះ) រស់នៅយ៉ាងលំបាកនោះ តារាសម្តែងស្រីចូលចិត្តការងារមនុស្សធម៌ជួយសង្គម កញ្ញា ពេជ្រ ចរណៃ ថ្មីៗនេះបានធ្វើការបង្ហោះសារភ្ជាប់ជាមួយរូបភាពក្មេងប្រុសម្នាក់នោះ ដើម្បីប្រកាសស្វែងរកពីទីកន្លែងស្នាក់នៅបច្ចុប្បន្ន។

ការប្រកាសរបស់តារាកញ្ញា ពេជ្រ ចរណៃ ខាងលើនេះ បានធ្វើឡើងក្នុងគោលបំណងស្វែងរកពីទីកន្លែងស្នាក់ពិតប្រាកដ របស់ក្រុមគ្រួសារក្មេងប្រុសរូបនេះ ដើម្បីយកគាត់ (ក្មេងប្រុសមានជំងឺ) មកព្យាបាលនៅមន្ទីពេទ្យសង្គ្រោះជីវិត ។ ខណៈបច្ចុប្បន្នក្មួយកំពុងតែមានការឈឺចាប់ និងពិបាករស់នៅបំផុត ក្រោយពេលកើតជំងឺចម្លែកបែបនេះ។

តារាសម្តែងស្រីរូបស្រស់កញ្ញា ពេជ្រ ចរណៃ សំដែងប្រយោគថា​ «ទ្រាំចាំបន្តិចណា មីងនឹងខំស្វែងរកក្មួយឱ្យឃើញក្នុងពេលឆាប់ៗនេះ បើម្បីយកក្មួយមកព្យាបាលណា…..។»

បន្ថែមពីលើនេះកញ្ញា ពេជ្រ ចរណៃ បានប្រាប់ឲ្យដឹងតាមសារអេឡិចត្រូនិច (ឆាតហ្វេសប៊ុក) នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ ថា នាងជាពិតអាណិតប្អូនប្រុសរូបនេះខ្លាំងណាស់ ដូច្នេះហើយទើបប្រកាស ដើម្បីស្វែងរកពីកន្លែងរស់នៅរបស់គាត់ ក្នុងគោលបំណងយកមកព្យាបាលជំងឺ។ ហេតុនេះបើមានបងប្អូនណាបានស្គាល់ឬដឹង សូមមេត្តាផ្តល់ដំណឹងពីក្មេងប្រុសរូបនេះផង៕