(ភ្នំពេញ)៖ ក្រុមកីឡាករបាល់ទាត់អាយុក្រោម១៣ឆ្នាំភ្នំពេញក្រោនបានប្រកួតឈ្នះក្រុមខេត្តស្វាយរៀង នៅវគ្គផ្តាច់ព្រ័ត្រជាមួយនឹងលទ្ធផល ២-១ នៃពានរង្វាន់ទិវាបាល់ទាត់អាយុក្រោម១៣ឆ្នាំ ឆ្នាំ២០១៩ ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC)។

ការប្រកួតនេះត្រូវបានដឹកនាំទៅលេងដោយគ្រូបង្វឹកនារី២រូបរបស់ភ្នំពេញក្រោន គឺអ្នកគ្រូបង្វឹក ម៉ៅ សាវីន និងជំនួយការគ្រូបង្វឹក ងិន សម្រស់។

ចំពោះពានរង្វាន់ទិវាបាល់ទាត់អាយុក្រោម១៣ឆ្នាំ នេះវិញ គឺមានក្រុមចំនួន២៣ មកពីខេត្ត-ក្រុងនានា ក្នុងប្រទេសចូលរួម ដោយធ្វើការប្រកួតនៅលើមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទី។

សូមបញ្ជាក់ថា មុននឹងឈានដល់ការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រនេះ ក្រុមកីឡាករភ្នំពេញក្រោនបានប្រកួតឈ្នះក្រុមមួយចំនួនដែលមានដូចជា ឈ្នះក្រុមនគររាជភ្នំពេញក្នុងលទ្ធផល ៦-០ ឈ្នះក្រុមខេត្តកោះកុងក្នុងលទ្ធផល ៧-០ ឈ្នះក្រុមខេត្តត្បូងឃ្មុំក្នុងលទ្ធផល ៤-០ ឈ្នះក្រុម Prak Sport ខេត្តតាកែវក្នុងលទ្ធផល ១០-០ ហើយបានឡើងបន្តទៅឈ្នះក្រុមខេត្តកំពង់ឆ្នាំង ក្នុងលទ្ធផល ២-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងចុងក្រោយឈ្នះក្រុមខេត្តស្វាយរៀងជាមួយនឹងលទ្ធផល ២-១ ដូចគ្នា៕