(ភ្នំពេញ)៖ តារាចម្រៀងកញ្ញា ទេព ពូព្រឹក្ស និងម្ចាស់ចិត្តលោក G-Devith ស្របពេលដែលឈ្នះក្តីលើករណីត្រូវគេជះ និងគប់កំប៉ុងស្រាបៀរលើនាង ពេលនេះបានគោរពតាមការសន្យារបស់ខ្លួន ហើយដោយបានបរិច្ចាគថវិការមួយផ្នែកនៃសំណងជំងឺចិត្ត បានមកពីភាគីបង្ក ជូនដល់មន្ទីពេទ្យសង្គ្រោះកុមារគន្ធបុប្ផា ខណៈដែលនៅសល់ប៉ុន្មានទៀតក៏នឹងត្រូវបរិច្ចាគ តាមរយៈសកម្មភាពមនុស្សធម៌ជួយសង្គមនានាផងដែរ។

ការលេចវត្តមានក្នុងសកម្មភាពការងារមនុស្សធម៌ ដោយការបរិច្ចាគថវិការចំនួន ៣០០០ដុល្លារ ជូនដល់មន្ទីពេទ្យគន្ធបុប្ផារបស់តារាចម្រៀងកញ្ញា ទេព បូព្រឹក្ស បានធ្វើឡើង បន្ទាប់ពីតារាស្រីរូបនេះបានប្រកាសជាសាធារណៈថា រាល់ថវិការដែលទទួលបានពីការឈ្នះក្តី រឿងគេជះនិងគប់កំប៉ុងស្រាបៀរទាំងអស់ គឺត្រូវបរិច្ចាគជូនមន្ទីពេទ្យគន្ធបុប្ផា កុមារកំព្រា ចាស់ជរា និងតារាសិល្បៈមានជំងឺជួបការខ្វះខាតជាដើម។ កញ្ញា ទេព បូព្រឹក្ស និងម្ចាស់ស្នេហ៍លោក G-Devith បានបង្ហោះរូបភាពភ្ជាប់ជាមួយការបញ្ជាក់ថា មកដល់មន្ទីរពេទ្យគន្ធបុប្ផាហើយចាស តាមការសន្យា មកធ្វើបុណ្យណា if you ជេរប្រយ័ត្ន BAB។ សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា ៣០០០ដុល្លារ សូមឲ្យពួកខ្ញុំជួបតែរឿងល្អៗ ធ្វើ​បុណ្យស្អាតជាតិមុខ ធ្វើមុខស្អាតជាតិនឹង ពាក្យចាស់ប្រាប់ថា សប្បាយនឹងបុណ្យ កុំសប្បាយនឹង BAB ថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។

ទន្ទឹមពេលជាមួយគ្នានៃការចូលរួមបរិច្ចាគថវិការចំនួន ៣០០០ដុល្លារ ជួយមន្ទីពេទ្យគន្ធបុប្ផាពេលនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើន សម្តែងការគាំទ្រ និងលើកសរសើរចំពោះទឹកចិត្តរបស់តារាចម្រៀងកញ្ញា ទេព បូព្រឹក្ស ដោយហេតុថា នាងបានធ្វើនិងគោរពទៅតាមពាក្យសន្យារបស់ខ្លួនបានល្អ។ មិន​តែប៉ុណ្ណោះគេក៏សង្ឃឹមថា នាងនឹងបន្តយកថវិការដែលនៅសល់ទាំងប៉ុន្មាន ជួយដល់ប្រជាពលរដ្ឋជួបការខ្វះ ឬសិល្បៈចាស់ជរានិងមានជំងឺទៀតផង។

គួររម្លឹកថា តារាចម្រៀងរបស់ផលិតកម្មហង្សមាស កញ្ញា ទេព បូព្រឹក្ស កាលពីថ្មីៗកន្លងមកនេះ​ នាងបានរងនូវអំពើប្រមាថកិត្តិយស​ពីសំណាក់បុរសស្រវឹងម្នាក់ ដែលមានឈ្មោះថា ឆេង រស្មី តាមរយៈការជះ​និងយកកំប៉ុងស្រាបៀរគប់លើខ្លួន គ្រាដែលកំពុងឡើងច្រៀងលើឆាកតន្រ្តីនៃហាងផឹកស៊ីមានយីហោ សមុទ្រ បង្កការភ្ញាក់ផ្អើល និងស្រែករកយុត្តិធម៌ពីសាមីខ្លួនកញ្ញា ទេព បូព្រឹក្ស។ប៉ុន្តែ​យ៉ាងណាមិញក្រោយពេលបង្កហេតុ រឿងរ៉ាវក៏ត្រូវបានដោះស្រាយផ្តល់យុត្តិធម៌នូវសំណងជំងឺចិត្តចំនួន ១ម៉ឺនដុល្លារ ខណៈពេលដែលមានការដាក់ពាក្យបណ្តឹងរបស់ជងរងគ្រោះកញ្ញា ទេព បូព្រឹក្ស៕