(ភ្នំពេញ)៖ កីឡាករប្រដាល់ រ៉េត រៃ បានយកឈ្នះកីឡាករម្ចាស់ផ្ទះថៃ ភេត បាន់ឆា ត្រឹមទី២ ក្នុងប្រភេទទម្ងន់ ៥៨គីឡូក្រាមនៃកម្មវិធីប្រដាល់ Max Muay Thai នាថ្ងៃអង្គារ ទី១៥ ខែកមរា ឆ្នាំ២០១៩ នៅសង្វៀន Muay Thai ប្រទេសថៃ។

ការប្រកួតក្នុងទឹកទី១ កីឡាករទាំងពីរបានបើកការវាយគ្នាទៅវិញទៅមកយ៉ាងស្វិតស្វាញ និងកក្រើកលើសង្វៀនដោយមានប្រើក្បាច់វាយចំគោលដៅបានល្អ មុនពេលទឹកទី២ កីឡាករទាំងពីរនៅតែបន្តការវាយមិនឈប់ឈរ តែអ្នក​លេងគុនខ្មែរ រ៉េត រៃ បានវាយសម្រុកដោយប្រើក្បាច់កែងយ៉ាងច្រើនទៅលើដៃគូ និងធ្វើឲ្យ ភេត បាន់ឆា ត្រូវលោកអជ្ញាកណ្តាលរាប់ ១លើកក្នុងទឹកទី២ មុនពេល រ៉េត រៃ ដដែល ប្រើកែងវាយបុកចំផ្ទៃមុខដៃគូរហូតដួលសន្លប់តែម្តង។

បញ្ជាក់ផងថា កីឡាករគុនខ្មែរ រ៉េត រៃ បច្ចុប្បន្នប្រកួតបាន ២២ដង ឈ្នះ ១៥ដង ចាញ់ ៧ដង មិនដែលស្មើ និងកីឡាករថៃ ភេត បាន់ឆា ប្រកួតបាន ៥៩ដង ឈ្នះ ៤២ដង និងចាញ់១៧ដង មិនដែលស្មើ៕