(ភ្នំពេញ)៖ តារាចម្រៀង សំនៀតពិរោះរណ្តំ ម៉ៅ ស៊ីណាត ត្រូវបានទស្សនិកជនសង្កេតឃើញថា នាងហាក់ស្ងប់ស្ងាត់ពីរង្វង់សិល្បៈ​​ អស់រយៈពេលជាយូរមកហើយ សូម្បីតែវត្តមាន ក្នុងកម្មវិធីកម្មសាន្តនានា ក៏មិនសូវឃើញផង។ ថ្មីៗនេះស្រាប់តែមានលេចឮថា តារាចម្រៀងរូបនេះ ទៅកែសម្ផស្សឱ្យមុខមាត់ស្អាតជាងមុន ខណៈដំណឹងនេះ បានធ្វើឱ្យសាមីខ្លួនផ្ទាល់ ហាក់អាក់អនស្រពន់ចិត្តបន្តិច តែយ៉ាងណា នាងត្រូវបានគេឃើញថា មិនបានខ្វល់ខ្វាយច្រើននោះដែរ ព្រោះបច្ចុប្បន្នកំពុងមានទីផ្សារសិល្បៈឡើងវិញ ដោយបានក្លាយជាតារាចម្រៀងម្នាក់ ក្នុងក្រុមតន្រ្តីសម័យ របស់លោក យ៉ែម សំអូន។

យោងតាម អ្នកស្រី ស៊ិន ឧត្តមផល្លា ដែលជាអ្នករួមអាជីពសិល្បៈ បានឱ្យដឹងថា «នេះជាមុខមាត់បច្ចុប្បន្នរបស់ អ្នកនាង ម៉ៅ ស៊ីណាត នាងបាននិយាយថា នាងមិនបានខ្វល់ អំពីសារព័ត៌មានមួយចំនួន ដែលចុះផ្សាយដោយមិនបានសុំការអនុញ្ញាតពីនាង ហើយការអធិប្បាយនៅក្នុងការចុះផ្សាយនោះ ហាក់ដូចជាចង់ទម្លាក់នាង ប៉ុន្តែផ្ទុយទៅវិញនៅក្នុងឆ្នាំថ្មីនេះ នាងត្រូវបានតាមបណ្ដាផលិតកម្មនាៗ ទាក់ទងនាង ដើម្បីថតភាពយន្តក៏ដូចជា MV ជាច្រើន នាងនិយាយថានាងនឹងប្រឡូកសិល្បៈ ឱ្យពេញទំហឹងមិនថា ថតភាពយន្តនិងច្រៀងជាដើម»

អ្នកស្រី ស៊ិន ឧត្តមផល្លា សរសេរបន្តក្នុងបណ្តាញសង្គមផ្ទាល់ខ្លួនថា «ពិតជាមិនធម្មតា ឈានចូលមកដល់ឆ្នាំថ្មី២០១៩នេះ អ្នកនាង ម៉ៅ ស៊ីណាត ពិតជាយីអ៊ុនឡើងមែន រឿងមួយទៀត ដោយត្រូវបានលោក យ៉ែម សំអូន ដែលជាប្រធានក្រុម នៃក្រុម Dara Entertainment តន្ត្រីសម័យ យ៉ែម សំអូន បានជ្រើសយកអ្នកនាង ម៉ៅ សស៊ីណាត ចូលក្នុងក្រុមរបស់លោក»

អ្នកនាង ម៉ៅ ស៊ីណាត គឺជាតារាចម្រៀងដែលមានទេពកោសល្យ ហើយជាពិសេសនោះ តារាចម្រៀងរូបនេះ មានសំនៀងដូចគ្នា ជាមួយតារាចម្រៀងពីសម័យដើម គឺអ្នកស្រី ប៉ែន រ៉ន ហើយនេះក៏ជាភាពជោគជ័យមួយរបស់អ្នកនាង ម៉ៅ ស៊ីណាត ដែលបានចូលទៅក្នុងក្រុម តន្ត្រីសម័យ យ៉ែម សំអូន។

គួរបញ្ជាក់ផងដែរ ថាក្រុម តន្ត្រីសម័យ យ៉ែម សំអូន គឺជាធីម ដែលទទួលបានប្រជាប្រិយភាព តម្លៃខ្ពស់នឹងឈានមុខគេនៅក្នុងប្រទសកម្ពុជា ហើយជាពិសេសលោក យ៉ែម សំអូន ត្រូវបានគេមើលឃើញថា លោកគឺជាកំពូលតារាចិត្តធម៌ ដែលតែងតែជួយជ្រោមជ្រែងដល់ សិល្បៈករសិល្បការិនី ជាពិសេស គឺតារាជើងចាស់តែម្តង លោកតែងតែធ្វើឱ្យតារាទាំងនោះ ក្លាយជាតារា ដែលលេចធ្លោក្នុងពិភពសិល្បៈខ្មែរ៕