(អាមេរិក)៖ ពិតជាកម្រណាស់ដែលបងប្អូនស្រីទាំងបីក្នុងត្រកូល Kardashian អង្គុយរួមគ្នា ដើម្បីផ្តល់បទសម្ភាសន៍កាលពីថ្ងៃទី១៤ ខែមករាកន្លងទៅ ហើយក្នុងឱកាសដ៏ល្អនេះ Kim Kardashian បានបង្ហាញក្តីរំពឹងថា នាងនឹងមានកូនទី៤ជាមួយស្វាមី តាមរយៈការពពោះជំនួស។ Kardashian-West នឹង​ក្លាយជាក្រុមគ្រួសារមួយដែលមានសមាជិក៦នាក់ ខណៈដែលលេចឮពាក្យចចាមអារ៉ាមថា Kim និង Kanye កំពុង​ត្រៀមស្វែងរកនរណាដែលនឹងមកពពោះជំនួស។

ទោះជាយ៉ាងណាដំណឹងដ៏រសើបនេះ មិនទាន់មានការអះអាងច្បាស់ពីតារាហូលីវូតស្រីរូបនេះនៅឡើយទេ បើទោះជានាងរំពឹងថា ចង់បានកូនប្រុសម្នាក់ទៀតក្នុងពេលឆាប់ៗក៏ដោយ។

Kim មិនបានគ្រោងឈ្មោះទុកសម្រាប់ដាក់ឲ្យ កូនប្រុសដែលមិនទាន់ចាប់កំណើតនៅឡើយទេហើយពេលនេះ Andy ដែលជាពិធីករក្នុងកម្មវិធី បានជម្រុញឲ្យអ្នកគាំទ្រជួយបោះឆ្នោតលើឈ្មោះបួន សម្រាប់ទារកថ្មីរបស់ Kim ដូចជា "South", "East", "Calabasas" និង "Lil' Kris" ។

គួរបញ្ជាក់ថា បច្ចុប្បន្ន Kim និង Kanye មានកូនបីនាក់រួចទៅហើយ គឺកូនស្រីពីរនាក់ North អាយុ៥ឆ្នាំ Chicago អាយុ ជិតមួយឆ្នាំ និងកូនប្រុស Saint អាយុ៣ឆ្នាំប៉ុន្តែ North មិនចូលចិត្តលេងជាមួយប្អូនប្រុសនាងទេ ដូច្នេះសង្ឃឹមថា Saint នឹងឆាប់បានប្អូនប្រុសម្នាក់​មកលេងកំដរក្នុងក្រុមគ្រួសារឆាប់ៗ៕