(ភ្នំពេញ)៖ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដែលលេងក្នុងក្របខណ្ឌលីគកំពូលកម្ពុជា បានចុះកិច្ចសន្យារយៈពេល ១ឆ្នាំជាមួយកីឡាករ Charlie Machell ដែលជាអតីតយុវជនថ្នាលនៃក្លឹបសារិកាព្រៃ Newcastle United របស់ចក្រ ភពអង់គ្លេស។

ខ្សែបម្រើសញ្ជាតិអង់គ្លេស វ័យ២៤ឆ្នាំរូបនេះ បានចាប់ផ្តើមហ្វឹកហាត់បាល់ទាត់ដំបូងជាមួយថ្នាលក្នុងក្លឹប Newcaslte មុនផ្លាស់ចេញនៅឆ្នាំ២០១៣ ទៅប្រកបអាជីពនៅក្រៅស្រុកជាមួយក្លឹបអាមេរិក Wingate Bulldog មុនបន្តផ្លាស់ទៅលេងឲ្យក្លឹប East Tennessee State University នៅឆ្នាំ២០១៧ និងពាក់កណ្តាលឆ្នាំដដែល បានផ្ទេរទៅកាន់ក្លឹប Thisted FC របស់ដាណឺម៉ាកទៀត។

ក្នុងឆ្នាំ២០១៨ រូបគេបានចុះកិច្ចសន្យាជាមួយក្លឹប 07 Vestur នៃលីគកំពូលកោះហ្វារ៉ូ ក្នុងតម្លៃខ្លួនប្រមាណ ៩ម៉ឺនដុល្លារ។

បច្ចុប្បន្ន Charlie គឺជាកីឡាករបរទេសទី៥ របស់ក្លឹបដែលក្លឹបដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង បន្ទាប់ពី Harley Willard, Jonathan Campbell, Yeon Gisung និងកីឡាករ Daisuke Kobayashi៕