(ថៃ)៖ ទស្សនិកជនជាច្រើន បានចូលរួមអបអរសាទរ ចំពោះតារាសម្តែងប្រុសលោក Big Sarut ដែលត្រូវបានគេដឹងថា ជា​តួអង្គ​សម្តេចព្រះ​ផេ​ត​រ៉ា​ឆា ក្នុង​រឿង «​បុព្វេសន្និវាស​» ខណៈតារាប្រុសរូបនេះ បានសម្រេចចិត្តដឹកដៃគូស្នេហ៍ចូលរោងការ ក្រោយស្វែងយល់ចិត្តគ្នាជាង ៧ឆ្នាំ។ អ្វីដែលគ្រប់គ្នា សប្បាយរីករាយជំនួសតារាប្រុសរូបនេះ គឺលោក បានបញ្ចប់ភាពនៅលីវ ទៅសាងជីវិតគ្រួសារជាមួយនារីរូបស្រស់ម្នាក់មានរាងធំ គួរឱ្យស្រឡាញ់ ហើយអ្នកទាំងពីរ មើលទៅហាក់បីដូចជា យល់ចិត្ត និងស្រឡាញ់គ្នាខ្លាំងណាស់។ លើសពីនេះ ក្នុងថ្ងៃពិសេសរបស់ Big Sarut គឺពោរពេញដោយភាពកក់ក្តៅ និងបរិយាកាសសប្បាយរីករាយ ដោយមានការអញ្ជើញចូលរួម ពីញាតិមិត្តទាំងសងខាងជាច្រើនផងដែរ។

បើតាមការឱ្យដឹង តារាប្រុសវ័យ ៤៧ ឆ្នាំរូបនេះ ពិតជាស្រឡាញ់ភរិយាលោកយ៉ាងខ្លាំង បើទោះបីជា ភរិយាឡើងទម្ងន់ខ្លាំង រហូតដល់ទៅ ១០០គីឡូក្តី ដោយមើលទៅ លោកនៅតែអាចរក្សាទំហំនៃក្តីស្រឡាញ់ ទៅកាន់ភរិយាបានដដែល ខណៈក្នុងថ្ងៃមង្គល Big Sarut បានប្រកាស​ជា​សាធារណៈ​នូវ​ពាក្យសម្ដី ​ផ្អែ​ម​ល្ហែមជាច្រើន ទៅកាន់ភរិយាទៀតផង។ សកម្មភាព ទាំងនេះ បានធ្វើឱ្យភ្ញៀវកិត្តិយស និងមិត្តរួមសិល្បៈដែលបានចូលរួម មានក្តីរំភើបយ៉ាងខ្លាំង ពេលឃើញគូស្នេហ៍របស់តារាសម្តែងរូបនេះ មានសុភមង្គល។

គួរជម្រាប់ថា ពិធីមង្គលការរបស់ លោក Big Sarut បានធ្វើឡើងនៅថ្ងៃទី ១២ ខែមករា ឆ្នាំ១០១៩ តាមបែបប្រពៃណីនេះ នៅគេហដ្ឋានខាងស្រី ស្ថិតនៅសង្កាត់ Thanyathani។ តាមប្រភព បានឱ្យដឹងថា ភរិយារបស់លោក Big Sarut ឡើងគីឡូ ព្រោះមានជំងឺ តែមិនបានបញ្ជាក់ឱ្យច្បាស់ ថាមានជំងឺអ្វីនោះទេ តែយ៉ាងណា អ្នកគាំទ្រ ជូនពរឱ្យគូស្វាមីភរិយាមួយគូនេះ ស្រឡាញ់គ្នាបានយូរអង្វែង និងមានសុភមង្គលក្នុងគ្រួសារផងដែរ៕