(អាល់អ៊ីន)៖ ក្រុមបាល់ទាត់ជម្រើសជាតិថៃ បានឡើងទៅវគ្គ ១៦ក្រុមចុងក្រោយក្នុងព្រឹត្តិការណ៍ពានរង្វាន់ប្រចាំទ្វីប អាស៊ី AFC Asian Cup 2019 នៅអារ៉ាប់រួម (UAE) ជាប្រវត្តិសាស្រ្ត ក្រោយរង់ចាំអស់រយៈពេល ៤៧ឆ្នាំគិតចាប់តាំងពី ឆ្នាំ១៩៧២មក។

ការបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ១-១ ទល់នឹងម្ចាស់ផ្ទះអារ៉ាប់រួមនារាត្រីថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩ ដែលបាន ធ្វើឲ្យក្រុមដំរីសឹកថៃ រកបាន ១ពិន្ទុបន្ថែម គ្រាប់គ្រាន់ល្មមក្នុងការបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ២ ក្នុងពូល A ដោយមានម្ចាស់ផ្ទះអារ៉ាប់រួម ឈរនៅកំពូលតារាង និងក្រុមលេខ៣ បារ៉ែន មាន៤ពិន្ទុដែរ ដោយសារក្រុមនៅប្លុកអារ៉ាប់ មួយនេះធ្លាប់ចាញ់ថៃក្នុងប្រកួតទី២ របស់ពួកគេ។

ក្រុមដែលទើបរុះរើគ្រូបង្វឹក ដោយបានបណ្តេញលោក Milovan Rajevac ចេញពីតំណែងដោយដាក់មកវិញដោយគ្រូ បង្វឹក Sirisak Yodyardthai ដឹកនាំបណ្តោះអាសន្នវិញ បានដឹកនាំ២ប្រកួត ឈ្នះ១ និងស្មើ១ មិនដែលចាញ់ឡើយ។

យ៉ាងណាមិញ បារ៉ែន ត្រូវរង់ចាំអ៊ុតក្រុមលេខ៣ ល្អជាងគេចំនួន ៤ក្រុមដើម្បីឡើងបង្រ្គប់កៅអីវគ្គ ១៦ក្រុមចុងក្រោយ ដែលបានយកឈ្នះឥណ្ឌា ១-០ នៅនាទីទីចុងម៉ោងដែលរកបាន ៤ពិន្ទុស្មើនឹងថៃដែរ ខណៈឥណ្ឌា ដែលបានយកឈ្នះ ថៃ ៤-១ កាលពីប្រកួតបើកឆាកពូល A ត្រូវហាលអាវតែម្តង៕