(ភ្នំពេញ)៖ តារាសម្ដែងរាងកាយល្វត់ល្វន់ និងមានកេរ្តិ៍ឈ្មោះ កញ្ញា ព្រះកាយច័ន្ទ បានប្រកាសក្ដែងៗថា នៅពេលនេះ នាងបានសម្រេចក្ដីប្រាថ្នា ក៏ដូចជាមហិច្ឆតារបស់ខ្លួនហើយ តាមរយៈការសម្ដែងតួឯកក្នុងភាពយន្តភាពរឿង «ពិសស្នេហ៍» របស់ស្ថានីយទូរទស្សកងយោធពលខេមរភូមិន្ទ ​ប៉ុស្ដិ៍លេខ៥ ដោយនាងត្រូវបានអ្នកដឹក​នាំសម្ដែង ឲ្យសម្ដែងជាតួនាដការី (អ្នករាំរបាំបុរាណ) ដែលជំនាញនេះ គឺត្រូវនឹងនាងដែលតែងតែប៉ងប្រាថ្នា​កន្លងមក ហើយពេលនេះ គឺមានសម្រេចពិតប្រាដកមែន។

ស្រីស្រស់ ព្រះកាយច័ន្ទ បានថ្លែងថា រយៈការជិត២០ឆ្នាំមកហើយ ដែលនាងបានហាត់រៀន និងចេះជំនាញរាំរបាំបុរាណ ប៉ុន្តែស្ទើរតែគ្រប់ភាពយន្តទាំងអស់ ដែលនាងបានសម្ដែង គឺមិនបានឲ្យនាងបញ្ចេញសមត្ថភាព ឬទេពកោសល្យដែលបានហាត់រៀននេះឡើយ ពោលគឺទើបតែរឿង «ពិសស្នេហ៍» នេះប៉ុណ្ណោះ ដែលអ្នកដឹកនាំសម្ដែង បានផ្ដល់ឱកាសដល់នាង ដើម្បីបញ្ចេញនូវជំនាញពិត របស់ខ្លួនក្នុងរឿង។

ព្រះកាយច័ន្ទ និយាយថា «ចា៎បង...ខ្ញុំពិតជា​សប្បាយរីករាយណាស់ ពេលដែលប៉ុស្ដិ៍លេខ៥ ​បានផ្ដល់ឱកាសឲ្យខ្ញុំបានសម្ដែង​ចំជំនាញរបស់ខ្ញុំ ដែលខំហាត់រៀន​អស់រយៈពេលជិត​២០​ឆ្នាំមកហើយ។ រឿងនេះ បានធ្វើឲ្យខ្ញុំបានបញ្ចេញឈុតជាអ្នករាំរបាំ ការពាក់មកុដ សម្លៀកបំពាក់ពីបុរាណ គ្រឿងតុបតែងកាយ គ្រប់បែបយ៉ាង ពោលគឺមិនស៊ីវីល័យ ដូចរឿងមុនៗទេ ហើយក៏ជាឱកាសដែលខ្ញុំ បានសម្រេចមហិច្ឆតារបស់ខ្ញុំដែរ ព្រោះខ្ញុំបានតាំងចិត្តចង់សម្ដែងបែបនេះ ជាយូរមកហើយ តែពេលនេះទើបតែបានសម្រេចក្ដីប្រាថ្នាប៉ុណ្ណោះ..ខ្ញុំសប្បាយចិត្តមែនទែន..!»

ភាពយន្តភាគរឿង «ពិសស្នេហ៍» ដែលស្ថានីយ៍ទូរទស្សន៍ ប៉ុស្ដិ៍លេខ៥ បានសម្រេចធ្វើពីធីក្រុងពាលី ចេញថតនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ គឺអ្នកដឹកនាំសម្ដែង បានឲ្យកញ្ញា ព្រះកាយច័ន្ទ ចាប់ដៃគូគ្នាជាមួយនឹងលោក សូ ឆានី ដែលសម្ដែងជាតួអង្គមេទ័ព ហើយសាច់រឿងទាំងមូលមានឈុតឆាកបុរាណពាក់កណ្ដាល និងឈុតឆាកសម័យពាក់កណ្ដាល។

ប្រធានគ្រប់គ្រងការផលិតកម្មវិធី របស់ស្ថានីយទូរទស្សកងយោធពលខេមរភូមិន្ទ ប៉ុស្ដិ៍លេខ៥ លោក ស៊ិន សុផាត បានថ្លែងឲ្យដឹងថា ភាពយន្តរឿង «ពិសស្នេហ៍» មានចំនួនពី៣០ ទៅ៣៥ភាគ និងមានគម្រោងចេញថតឲ្យចប់រួចរាល់ នៅរយៈពេល៣ខែខាងមុខនេះ។ ភាពយន្តនេះ ជាប្រភេទរឿងបែបមនោសញ្ចេតនា បុរាណលាយសម័យ និងមានបង្ហាញជូនទស្សនិកជន នូវឈុតឆាករបាំបុរាណរបស់ខ្មែរ ដែលមានឈ្មោះល្បីល្បាញជាច្រើនឆ្នាំមកហើយ និងទីតាំងតំបន់វប្បធម៌ល្បីៗ ជាច្រើនទៀត។

សូមបញ្ជាក់ថា ភាពយន្តភាគរឿង «ពិសស្នេហ៍» មានការចូលរួមសម្ដែងដោយតារាសម្ដែងប្រុសស្រីល្បីៗ មានដូចជា លោក សូ ឆានី, កញ្ញា ព្រះកាយច័ន្ទ លោក ជា សំណាង, កញ្ញា ទឹម រដ្ឋា, លោក លឹម រដ្ឋា, លោក សុខ ដែន ព្រមទាំងតារាកិត្តិយសជាច្រើនដួងទៀត៕