(បាសេឡូណា)៖ ១គ្រាប់បំប៉ោងសំណាញ់ទីនៅនាទីទី៥៣ ពីសំណាក់កីឡាករខ្សែប្រយុទ្ធជួរមុខ Lionel Messi កើនដល់ ៤០០គ្រាប់នៅក្នុងក្របខណ្ឌកំពូលអេស្ប៉ាញ La Liga គិតចាប់តាំងពីរូបគេបានឈានជើងមកកាន់ទឹកដី Camp Nou តាំងពីឆ្នាំ២០០០ មកម្ល៉េះ។

តារាឆ្នើមដែលជាប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនផងនោះ Messi បានក្លាយជាកីឡាករទី១ ដែលរកគ្រាប់បំប៉ោង សំណាញ់ទីបានច្រើនជាងគេនៅ La Liga ក្នុងជ័យជម្នះដែលជួយក្រុមអ្នកមានបុណ្យ FC Barcelona បំបាក់ក្រុមភ្ញៀវ Eibar ៣-០ នៃសប្តាហ៍ទី១៩ បញ្ចប់ជើងទី១ រដូវកាលឆ្នាំ២០១៨-២០១៩ ខណៈមិត្តរួមក្រុម Luis Suarez រកបាន ២គ្រាប់ផងដែរនៅនាទីទី១៩ និងនាទីទី៥៩។

៣ពិន្ទុបន្ថែមនៅទឹកដី Camp Nou យប់មិញនេះ បានជួយឲ្យក្រុមការពារតំណែងជើងឯក Barcelona បន្តនាំមុខកំពូល តារាងដល់ទៅ ៥ពិន្ទុដោយមាន ៤៣ពិន្ទុ ខណៈក្រុមលេខ២ តាមពីក្រោយដោយ Atletico Madrid មាន៣៨ពិន្ទុ ដោយបានយកឈ្នះក្រុមភ្ញៀវ Levate ១-០ ផងដែរនោះ៕