(ឌូបៃ)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Almoez Ali របស់ប្រទេសកាតា បានកំពុងនាំមុខគេបណ្តោះអាសន្នពីការរកគ្រាប់ ស៊ុតបញ្ចូលទីបានចំនួន ៥គ្រាប់ច្រើនជាងគេក្នុងព្រឹត្តិការណ៍ពានរង្វាន់ជើងឯកប្រចាំទ្វីបអាស៊ី AFC Asian Cup 2019 នៅប្រទេសអារ៉ាប់រួម (UAE)។

ខ្សែប្រយុទ្ធដែលប្រកបអាជីពបាល់ទាត់នៅកាតា Ali រកបាន ៥គ្រាប់ច្រើនជាងគេដាច់ នាំមុខគូប្រជែងស្បែកជើងមាស កីឡាករ Sardar Azmoun របស់អ៊ីរ៉ង់ និង Eldor Shomurodov របស់អ៊ូសបេគីស្ថាន ដែលរកបាន ៣គ្រាប់ដូចគ្នា គិតត្រឹមបញ្ចប់ការប្រកួតលើកទី២ ក្នុងពូលនីមួយៗ។

ទន្ទឹមគ្នានោះ Ali ក៏បានជួយឲ្យប្រទេសម្ចាស់ផ្ទះ FIFA World Cup 2022 កាតា កក់កៅអី១ ឡើងទៅវគ្គ១៦ក្រុមចុង ក្រោយផងដែរ ដោយឈរនៅកំពូលតារាងនៃពូល E ដោយរកបាន ៦ពិន្ទុពេញពីជ័យជម្នះ២ប្រកួតជាប់គ្នារបស់ពួកគេ ក្រោយបំបាក់លីបង់ ២-០ ដែល Ali រកបាន ១គ្រាប់ មុនទៅលត់កូរ៉េខាងជើង ៦-០ ទៀត ខណៈ Ali បន្តរកបាន ៤គ្រាប់ម្នាក់ឯងនារាត្រីថ្ងៃអាទិត្យ ទី១៣ ខែមករា ឆ្នាំ២០១៩៕