(ក្រុងឡុងដ៍)៖ កីឡាករខ្សែប្រយុទ្ធពាក់លេខ១០ Marcus Rashford បានជួយឲ្យក្លឹបបិសាចក្រហម Manchester United សងសឹកមាន់ខ្នាយមាស Tottenham Hotspur បានសម្រេចវិញក្នុងជើងទី២ នៅ Premier League យប់មិញនេះ តាមរយៈស៊ុតបញ្ចូលទីបាន ១គ្រាប់នៅនាទីទី៤៤ ចុងវគ្គទី១។

Man Utd បានភ្លាត់ស្នៀតបរាជ័យ ៣-០ កាលពីជើងទី១ នៅកីឡដ្ឋាន Old Trafford ក្រោមការដឹកនាំរបស់គ្រូបង្វឹក Jose Mourinho តែត្រូវបានកីឡាករខ្សែប្រយុទ្ធអង់គ្លេស Rashford ជួយរកបានជ័យជម្នះមកវិញក្នុងសប្តាហ៍ទី២២ ជើងទី២ ដើម្បីបន្តប្រវត្តិដឹកនាំមិនចាញ់ ៦ប្រកួតរបស់គ្រូបង្វឹកបណ្តោះអាសន្ន Ole Gunnar Solskjaer និងឈ្នះ៥ ប្រកួតជាប់ៗគ្នានៅក្របខណ្ឌកំពូលអង់គ្លេស។

៣ពិន្ទុបន្ថែមក្រៅទឹកដីនេះដែរ បានជួយឲ្យ Man Utd បន្តឈរនៅលេខរៀងទី៦ បណ្តោះអាសន្នដោយមាន ៤១ពិន្ទុ ស្មើក្រុមលេខ៥ កាំភ្លើងធំ Arsenal ដែលប្រកួតចាញ់ម្ចាស់ផ្ទះ West Ham United ១-០ នារាត្រីថ្ងៃសៅរ៍ និង Spurs មាន ៤៨ពិន្ទុដដែល ឈរនៅលេខរៀងទី៣៕