(ភ្នំពេញ)៖ តារាសម្តែងប្រុសជួរមុខរបស់ថៃ ដែលទទួលបានការគាំទ្រច្រើន ពីសំណាក់ទស្សនិកជន គឺ លោក Ken Phunpoom ទន្ទឹមនឹងមានការ លេចធ្លាយនូវដំណឹងថា ត្រៀមចេញពីស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ក្រោយបញ្ចប់កុងត្រានោះ ពេលនេះ លោកបានចេញមុខមក បកស្រាយថា លោកមិនបានចាកចេញពីទូរទស្សន៍នេះឡើយ ដោយនៅតែធ្វើការដដែល ពោលមិនបានផ្លាស់ប្តូរ ទៅធ្វើតារាឯករាជ្យទេ។ បន្ថែមពីនេះ ស្រាប់តែមានដំណឹងមួយទៀតថា ទោះបីជាធ្វើការនៅកន្លែងដដែល តែតារាប្រុស Ken Phupoom បែរជាសម្រេចចិត្ត បញ្ឈប់ការថតភាពយន្តថ្មី រឿង «Song Sanaeha» ជាមួយ Bella Ranee ទៅវិញ។

ពាក់ព័ន្ធនឹងដំណឹងនេះ ប្រភពច្បាស់ការណ៍មួយ បានបង្ហើបឱ្យដឹងថា តារាសម្តែងប្រុស ទឹកមុខមានមន្តស្នេហ៍ លោក Ken Phupoom បានផ្តល់បទសម្ភាសន៍ភ្លាមៗ ជាមួយនឹង Nine Entertainment ក្រោយមានព័ត៌មានចុះផ្សាយថា លោកប្តូរទៅធ្វើតារាឯករាជ្យ ដើម្បីបញ្ជាក់ដល់មហាជនឱ្យច្បាស់ ទាក់ទងនឹងការងាររបស់លោក កុំឱ្យមានការយល់ច្រឡំ នឹងភាពមិន​ច្បាស់លាស់តទៅទៀត។

ប្រភពបន្តថា លោក Ken មិនបានចាកចេញពី ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ទេ ដោយនៅតែបន្តធ្វើការទៅនោះដដែល តែខ្សែភាពយន្តដែលលោក សម្តែងជាមួយ តួស្រី កញ្ញា Bella ដែលមានចំណងជើងថា «Song Sanaeha» លែងមានវត្តមានលោកសម្តែងទៀតហើយ ដោយជំនួសមកវិញដោយ តួប្រុស Alek Teeradetch។

ងាកមករកអ្នកគាំទ្រវិញ ទោះបីជាតារាប្រុស លោក Ken ចាកចេញពីទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ឬមិនចាកចេញ ក៏ពួកគេនៅតែបន្តការគាំទ្រដដែល ព្រមទាំងសម្តែងនូវការពេញចិត្ត ចំពោះការសម្រេចចិត្តរបស់ តារាប្រុសរូបនេះទៀតផង។ តែអ្វីដែលអ្នកគាំទ្រ កំពុងមានចម្ងល់នោះ គឺមូលហេតុ ដែល លោក Ken បញ្ឈប់ការថតភាពយន្តថ្មី ជាមួយ Bella ព្រោះលោកមិនបានប្រាប់នោះទេ​ ថាមកពីមូលហេតុអ្វីបានជាមានរឿងបែបនេះ៕