(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានដំណឹងនៃការបែកបាក់ចំណងស្នេហាជាមួយស្វាមី របស់តារាសម្តែងស្រីអ្នកនាង លី ច័ន្ទសីហា ចាប់តាំងពីពពោះកូនក្នុងផ្ទៃបានចំនួន ៥ខែមកនោះ តារាស្រីនិងជាប្រធានសមាគមសិល្បកខ្មែរអ្នកនាងចន ច័ន្ទលក្ខិណា បានបង្ហាញអារម្មណ៍អាណិតភ្ជាប់ជាមួយសារលើកទឹកចិត្ត និងគាំទ្រនូវភាពក្លាហានរបស់តារាស្រីអ្នកនាង លី ច័ន្ទសីហា ដោយមិនចុះចាញ់ឬគេចវេសពីការពិត។

ផ្អែមតាមសារលើកទឹកចិត្តរបស់អ្នកនាង ចន ច័ន្ទលក្ខិណាបានរៀបរាប់ថា «ល្មមដល់ពេលដែលត្រូវប្រកាសហើយអូន ឱ្យដឹងថា តាំងពីអូនចាប់ផ្តើមមានផ្ទៃពោះខែដំបូង រហូតមកដល់ឥឡូវនេះ អ្វីៗគឺសុទ្ធតែជាការសម្តែង ទុកមុខមាត់លើកកិត្តិយសឱ្យអតីតប្តី ពេលខ្លះបើយើងមិននិយាយគឺគេចោទថា យើងជាអ្នកខុស ពាក្យថាកែចរិកគឺគ្មានទេសម្រាប់មនុស្ស រឿងរ៉ាវទាំងឡាយទម្រាំតែឈានដល់ពេលលែងលះ គឺវាឆ្លងកាត់រឿងឈឺចាប់រាប់ឆ្នាំដូចជំងឺរ៉ាំរៃ ពេលលែងហើយបើនៅមានសម្ព័ន្ធភាពល្អនិងគ្នា យើងក៏ទុកមុខឱ្យ។»

ប្រធានសមាគមសិល្បកខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ជាក់ទៀតថា «តែបើមិនសន្តិភាពមិនមានសម្ព័ន្តភាពល្អទេ គឺបកស្រាយឱ្យមហាជនដឹងទៅ យើងសុខចិត្តយកប្តីខុសក៏មិនសុខចិត្តរស់ជាមួយមនុស្សគ្មានបេះដូង អាត្មានិយមមិនយកចិត្តទុកដាក់គ្នា គ្មានការទទួលខុសត្រូវ និងគ្មានទំនួលខុសត្រូវលើជីវិតដៃគូរស្នេហា ។ការរៀបការជាប្តីប្រពន្ធគឺមិនមែនរៀបការ ដើម្បីតែរួមរក្សមេត្រីឱ្យស្របច្បាប់នោះទេ គឺជាការរស់នៅដោយភាពទទួលខុសត្រូវរវាងដៃគូរទាំងពីរ។ »

អ្នកនាង ចន ច័ន្ទលក្ខិណា បន្តថា «​បងពិតជាសូមសរសើរអូន ដែលអូនមានភាពរឹងមាំខ្លាំង ហ៊ានប្រឈមមុខ និងទទួលខុសត្រូវលើរឿងគ្រប់យ៉ាង ដែលកើតមកលើប្អូននិងក្រុមគ្រួសារ បងពិតជាសរសើរដែលអូនសុខចិត្តម៉េម៉ាយខ្លួនប្រាណ ដោយមិនសុខចិត្តមានឈ្មោះម៉េម៉ាយខាន់ស្លាជាលើកទី២ បន្ទាប់ពីបែកបាក់ផ្តាច់ពាក្យជាមួយគូរដណ្តឹងមុន។ តស៊ូអោយជោគជ័យ​ដើម្បីកូន និងដើម្បីមនុស្សដែលមិនឃើញតម្លៃយើង ណាអូន Seiha Love Kon Fay…។»

បន្ថែមពីលើនេះអ្នកនាង ចន ច័ន្ទលក្ខិណា បានរៀបរាប់ថា​​ «លោកគ្រូត្រូវឈប់ពិបាកចិត្តជាមួយរឿងរ៉ាវ ដែលកើតឡើងលើកូនស្រីទៀតទៅ Ly Sokchun គេរឹងមាំណាស់ លោកគ្រូគួរតែសប្បាយចិត្ត នៅពេលឃើញកូស្រីមានភាពរឹងមាំក្លាហាន ជាកូនដែលមានទំនួលខុសត្រូវគ្រប់បែបយ៉ាង។ លោកគ្រូឈប់ខ្មាស់អៀនមិត្តភក្តិនិងមហាជនទៅ ពួកគេមិនមែនជាទេវតាបង្កើតយើងមកទេ ដូច្នេះកុំអោយពួកគេមកកំណត់វាសនាយើង ពេលខ្លះអ្នកទាំងមានភាពមិនសមប្រកបនិងឈឺចាប់ជាងយើងផង តែមិនហ៊ានប្រឈមមុខ ហើយមិនហ៊ានទទួលស្គាល់ការពិតដែលខ្លួនទទួល។»

សូមបញ្ជាក់ថា ក្រោយពេលព្យាយាមលាក់បាំងរឿងរ៉ាវបែកបាក់គ្នា រវាងខ្លួន និងស្វាមីជាយូរខែថ្ងៃមកហើយនោះ នាឱកាសខួបកំណើតកូនស្រីសំណព្វចិត្តកាលពីថ្ងៃទី០៩ ខែមករាកន្លងមកនេះ អ្នកនាង លី ច័ន្ទសីហា បានសម្រេចចិត្តសារភាពថា នាងនិងស្វាមីបានលែងលះគ្នា តាំងពីកូនក្នុងផ្ទៃបាន៥ខែមកម្ល៉េះ។ដំណឹងនេះបានបង្កឲ្យមហាជន ក៏ដូចជាអ្នករស់ក្នុងរង្វង់សិល្បៈ មានការភ្ញាក់ផ្អើលខ្លាំងដោយមិននឹកស្មានថា ទំនាក់ទំនងស្នេហា លី ច័ន្ទសីហា ដែលមានជាមួយស្វាមីរយៈពេលជាង ៧ឆ្នាំ បានចែកផ្លូវគ្នា ដោយបន្សល់ទុកកូនស្រីជាទីស្រឡាញ់ម្នាក់ ឲ្យកំព្រាឪពុកបែបនេះឡើយ៕