(ភ្នំពេញ)៖ កីឡាករ សួង វិរៈ អតីតសមាជិកជួយក្រុមការពារជាតិ លើកពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០១០ ខណៈរូបគេជាម្ចាស់ផ្ទះស្បែកមាស​ក្នុងព្រឹត្តិកាណ៍នេះក្នុងឆ្នាំ២០១៦ ជាមួយនឹងការរួមចំណែកជួយភ្នំពេញក្រោន ឈ្នះពានលីគកំពូលឆ្នាំ២០១១ និងចុងក្រោយជួយណាហ្គាវើល ឈ្នះពានលីគ ឆ្នាំ២០១៨។

ម្ចាស់ស្បែកជើងមាសពានរង្វាន់សម្ដេច ហ៊ុន សែន ឆ្នាំ ២០១៦ ដែលលេងក្នុងតំណែងប្រយុទ្ធ សួង វិរៈ ជាកីឡាករម្នាក់ត្រូវគេចាត់ថា ជោគជ័យកម្រិតបាល់ទាត់អាជីពនៅក្នុងស្រុកដោយឈ្នះពាន៣ នៅក្នុងក្លឹប ៣ផ្សេងគ្នាផងដែរ ពោលគឺការពារជាតិ ភ្នំពេញក្រោន និងណាហ្គាវើល។

គួររំលឹកផងដែរថា វិរៈ បានលេងឲ្យក្រុមបាល់ទាត់អាជីពជាច្រើនមានដូចជា ខេមរាកីឡា ពីឆ្នាំ២០០៥-២០០៦ មុនពេលនៅចន្លោះឆ្នាំ២០០៦-២០០៩ ខ្សែប្រយុទ្ធរូបនេះ សម្រាកលេងបាល់មួយរយៈ។

វិរៈ បានវិលចូលទីលានវិញដោយលេងឲ្យការពារជាតិ ឆ្នាំ២០០៩-២០១០ មុនបន្តចូលរួមជាមួយក្រោន ក្នុងឆ្នាំ២០១០-២០១១។ បន្ទាប់មកទៀត ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំរូបនេះ លេងឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ឆ្នាំ២០១១ ហើយសម្រាក១ឆ្នាំពីលីគកំពូលមុនចាប់ផ្ដើមសាជាថ្មីនៅបឹងកេត ឆ្នាំ២០១៣។ ដោយលេងនៅបឹងកេត បាន១រដូវកាល គេបានប្ដូរទៅត្រាយអាស៊ី ពីឆ្នាំ២០១៣-២០១៤ ហើយក្លឹបនេះដូរម្ចាស់ និងដូរឈ្មោះ ទៅជាខេមបូឌានថៃហ្គ័រ ពីឆ្នាំ២០១៤ ស្របពេល វិរៈ បន្តលេងដល់ឆ្នាំ២០១៦ មុនចាកចេញ។ ពីឆ្នាំ២០១៦ ដល់បច្ចុប្បន្ននេះ សួង វិរៈ លេងឲ្យក្លឹបជើងឯកលីគកំពូលកម្ពុជា ណាហ្គាវើល៕