(ភ្នំពេញ)៖ ជាការពិត ថ្មីៗនេះរឿងរ៉ាវទំនាក់ទំនងស្នេហារបស់ តារាចម្រៀងស្រី បាន មុន្នីល័ក្ខ ជាមួយនឹង DJ Cake ត្រូវបានទស្សនិកជនចាប់អារម្មណ៍ខ្លាំង ព្រោះតែអ្នកទាំងពីរហាក់ស្ងប់ស្ងាត់ មិនទាន់មានដំណឹងចូលរោងការ រហូតមានព័ត៌មានចុះផ្សាយពីអ្នកទាំងពីរទៀតផង។ តែយ៉ាងណា ក្រោយឃើញព័ត៌មានផ្សាយ ពីរឿងស្នេហារបស់ខ្លួនហើយ បាន មុន្នីល័ក្ខ ក៏ចេញមុខមកបញ្ជាក់ភ្លាម ដើម្បីកុំឱ្យខូចហាងឆេង ដោយនាងបានប្រកាសថា «ខ្ញុំ និងបង DJ Cake បានផ្តាច់ពាក្យនឹងគ្នាចប់ហើយ»

ផ្អែកទៅលើការបង្ហាញប្រាប់ ពីបាន មុន្នីល័ក្ខ ក្នុងបណ្តាញសង្គមផ្ទាល់ខ្លួន នាងបានសរសេរនូវសារថា «អគុណដែលបានចុះផ្សាយរឿងនេះ ខ្ញុំសុំបញ្ជាក់ថា ខ្ញុំ និងបង DJ Cake បានផ្ដាច់​ពាក្យនឹង​គ្នាហើយ ដូច្នេះសូមបងប្អូនកុំយល់ច្រឡំខ្ញុំ និងបង DJ CAKE ជាអ្វីនឹងគ្នាតទៀត ហើយសព្វថ្ងៃពួកយើងត្រឹមតែជាមិត្តរួមការងារប៉ុណ្ណោះ។ អគុណសម្រាប់ក្តី ស្រឡាញរបស់បងប្អូនទាំងអស់គ្នា»

ជាមួយនឹងការបង្ហាញប្រាប់បែបនេះ ពីសំណាក់ បានមុន្នីល័ក្ខ មិនត្រឹមតែធ្វើឱ្យមហាជនចប់ចម្ងល់នោះទេ ថែមទាំងអាចនិយាយបានថា តារាស្រីកំពុងឡើងកូដ ​​នៅទ្រនំ​ហង្ស​មាសរូបនេះ ហាក់​បានផ្តល់​សង្ឃឹម ​ដល់​មិត្តបុរសៗទាំងឡាយ ដែល​មានបំណង​​ចង់ស្ពានមេត្រី មានឱកាសច្រើនទៀតផង ដ្បិត​ក្រៅពីមាន​ទឹក​ដម​សំនៀងពិរោះ រណ្តំ ស្រទន់ទាក់ចិត្តហើយនោះ បាន មុន្នីល័ក្ខ ក៏មានសម្រស់សាយភាយ កែវ​ភ្នែក​មុតស្រួច​ គួរខ្នាញ់ទៀតផង។

គួរជម្រាប់ថា តារាស្រី បាន មុន្នីល័ក្ខ បច្ចុប្បន្នកំពុងមានប្រជាប្រិយភាព និងទីផ្សារសិល្បៈហាក់មានសន្ទុះខ្លាំង ព្រោះរាល់កម្មវិធីសិល្បៈនានា មិនថាតូចធំនោះទេ មហាជនតែងតែឃើញវត្តមាននាងជានិច្ច។ មិនតែប៉ុណ្ណោះ មួយរយៈនេះ ថែមទាំងត្រូវប៉ានខ្លាំង ក្នុងការចេញសម្តែង តាមការប្រគុំតន្ត្រី នៅតាមខេត្ត ជាហូរហែរទៀតផង៕