(ភ្នំពេញ)៖ តារាចម្រៀងប្រុស សំនៀងស្អកមានទឹកដម គឺលោក ខេម បន្ទាប់ពីត្រឡប់មកពីសម្តែង នៅទឹកដីកូរ៉េខាងត្បូង ត្រូវបានទស្សនិកជនសង្កេតឃើញថា លោកបានចេញចម្រៀងថ្មីៗ ជាបន្តបន្ទាប់ ដូចជាបទ «រំដួលស្រុកឆ្លូង» ជាដើម។ ទន្ទឹមគ្នានេះ អ្វីដែលមហាជនចាប់អារម្មណ៍នោះ គឺលោកបានជ្រើសរើស ចម្រៀងមួយបទ ដែលមានចំណងជើងថា «ទូរស័ព្ទប្រាប់ផង» ជាសំនៀងដើមរបស់ លោក សាន ផានិត ទៅ Cover ដោយរក្សាទំនុកភ្លេង ឲ្យនៅដដែល ស្តាប់ហើយពិតជាធ្វើឲ្យមហាជន ចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងសំនៀងថ្មី។

ជាការពិត បទច្រៀង «ទូរស័ព្ទប្រាប់ផង» របស់លោក សាន ផានិត ត្រូវបានបញ្ចេញជាយូរមកហើយ បើគិតមកទល់នឹងឆ្នាំ ២០១៩នេះ គឺជាង ១០ឆ្នាំហើយ ដោយ ត្រូវបានទស្សនិកជនស្តាប់កំសាន្ត ជាមួយនឹងសំនៀងពិរោះ បែបមនោសញ្ចេតនា មានទឹកដម ពីសំណាក់លោក សាន ផានិត។ តែបច្ចុប្បន្ន ដោយសារគិតថា បទនេះ នៅតែមានអ្នកចាប់អារម្មណ៍ និងទំនុកភ្លេងនៅពេញនិយមផងនោះ ទើបតារាប្រុសលោក ខេម យកមក Cover ច្រៀងជាថ្មី ដោយទទួលបានការគាំទ្រ ពីសំណាក់អ្នកនិយកលេងបណ្ដាញហ្វេសប៊ុក ជាពិសេសពេញចិត្តយុវវ័យ ដែលនិយមបទនោសញ្ចេតនាតែម្ដង។

ក្នុងហ្វេសប៊ុករបស់ តារាចម្រៀងប្រុស លោក សាន ផានិត បានសរសេរនូវសារប៉ុន្មានឃ្លារថា «សប្បាយចិត្តបានឃើញប្អូនខេម តារាចម្រៀង ដែលច្រៀងបទអ្វីក៏ពិរោះ ក្នុងចិត្តខ្ញុំ ខេម សុំCoverបទហ្នឹង! ពួកយើងធ្លាប់បាននិយាយគ្នា កាលនៅកូរ៉េ ច្រៀងឱ្យខ្ញុំស្តាប់១ចប់ ស្មានតែនិយាយលេង ខេមច្រៀងមែន!»

តោះចង់ដឹងថា «ទូរស័ព្ទប្រាប់ផង» ច្រៀងដោយខេម ពិរោះយ៉ាងណា សូមរីករាយសណ្ដាប់ ដូចខាងក្រោម៖