(សុខភាព)៖ មនុស្សយើងសព្វថ្ងៃកំពុងតែរស់នៅក្នុងពិភពមួយ ដែលកំពុងតែធ្វើដំណើរទៅមុខយ៉ាងលឿន។ ពីមួយថ្ងៃទៅមួយថ្ងៃ ការងារអ្វីមួយដែលកើតឡើងយឺតៗ ហាក់បីដូចជារឿងដ៏ល្អមួយទៅវិញទេ ដូចជានៅពេលញ៉ាំអាហារជាដើម។ តើអ្នកមានដឹងទេថា ការញ៉ាំអាហារដោយមិនមានអារម្មណ៍ប្រញ៉ាប់ប្រញ៉ាលនោះ មានប្រយោជន៍ច្រើនប៉ុណ្ណាទេ? ខាងក្រោមនេះ ខ្ញុំនឹងបង្ហាញអំពីហេតុផលដ៏ល្អបំផុត ដែលអ្នកគួរតែព្យាយាមញ៉ាំអាហារឲ្យបានយឺតៗ និងកុំប្រញ៉ាប់ប្រញាល់៖

• ជួយសម្រកទម្ងន់៖
ខួរក្បាលរបស់មនុស្សយើងនឹងដឹងថាក្រពះមានអាហារពេញ ក្រោយពីយ៉ាងញ៉ាំអាហារបាន ១៥ ទៅ២០នាទី។ ដូច្នេះ បើសិនជាអ្នកធ្វើញ៉ាំអាហារលឿនរួចមុនពេលវេលាខាងលើ វាពិតជាពិបាកណាស់ក្នុងការដែលខួរក្បាលកំណត់ដឹង ហើយក៏ពិបាកការពារកុំឲ្យឡើងទម្ងន់ដែរ។

• ជំរុញដល់សុខភាពរំលាយអាហារកាន់តែល្អ៖
ហេតុផលចំបងមួយដែលនាំឲ្យឈឺក្រពះនោះ គឺដោយសារតែអាហារចូលក្នុងក្រពះលឿនពេក។ អ្វីដែលកាន់តែធ្ងន់ធ្ងរនោះ គឺអ្នកមិនបានទំពារអាហារបានម៉ត់ល្អ ដូច្នេះវាពិតជាដាក់សម្ពាធកាន់តែខ្លាំងដល់ក្រពះដើម្បីកិនអាហារធំៗ។

• រីករាយនឹងចំណីអាហារ៖
សម្រាប់ពេលបច្ចុប្បន្ននេះ មិនមានមនុស្សច្រើនទេដែលមានពេលវេលាគ្រប់គ្រាន់ដើម្បីញ៉ាំអាហារឡើយ ដូច្នេះបើសិនជាគេមានពេលវេលាតិចតួច នោះគេមិនបានមើលឃើញថា អាហាររបស់គេឆ្ងាញ់ប៉ុណ្ណាឡើយ ព្រោះកំពុងតែរវល់ញ៉ាំឲ្យលឿន អានត្រឡប់ទៅធ្វើការវិញ។ ផ្ទុយទៅវិញ បើសិនជាអ្នកប្រើពេលវេលាញ៉ាំវាយឺត និងយកអារម្មណ៍នោះមកមើលនូវអាហារលើតុដែលអ្នកកំពុងតែញ៉ាំនោះ វានឹងធ្វើឲ្យអ្នកយល់ថា ខ្លួនឯងពិតជាមានមោទនភាពចំពោះអាហារទាំងនោះជាមិនខាន។

• ជួយសន្សំលុយ៖
ការដែលចំណាយពេលវេលាញ៉ាំអាហារយឺតៗ អ្នកនឹងមានអារម្មណ៍ថា រាងកាយញ៉ាំឆាប់ឆ្អែត និងមិនងាយហៅអាហារ​ញ៉ាំបន្ថែមទៀតកាន់តែច្រើនឡើយ ព្រមទាំងយល់ថាក្នុងពោះឆ្អែតល្អទៀតផង។ ដូច្នេះការញ៉ាំអាហារយឺតៗ មិនត្រឹមតែផ្តល់សុខភាពទេ ថែមទាំងជួយសន្សំលុយលើការញ៉ាំអាហារច្រើនជ្រុលថែមទៀត។

• បំបាត់ស្ត្រេស
តើអ្នកកំពុងតែជួបនូវជីវិតប្រកបដោយភាពតានតឹងខ្លាំងមែនទេ? ចូរប្រាកដថា អ្នកបានប្រើប្រាស់ឱកាសមួយដើម្បីដោះស្រាយវាហើយ តាមរយៈការចំណាយពេលវេលាពីរបីនាទីញ៉ាំអាហារលើតុយឺតៗ។ នេះដោយសារតែ ការទំពារអាហារមួយៗបានយ៉ាងល្អ រាងកាយអ្នកនឹងអាចទទួលបានជីវជាតិទាំងអស់ ហើយក៏ជួយសម្រួលដល់អាការៈតានតឹង និងស្ត្រេសបានទៀតផង៕