(ប៊ែកឡាំង)៖ លោក Hasan Salihamidzic ប្រធានផ្នែកកីឡានៃក្លឹប Bayern Munich បានបង្ហើបប្រាប់ថា ក្លឹបបានចុះកិច្ចសន្យាជាមួយកីឡាករខ្សែការពាសញ្ជាតិបារាំង Benjamin Pavard រួចរាល់ហើយខណៈកីឡាករខ្សែការពារលេងឲ្យក្លឹប Stuttgart រូបនេះនឹងចូលរួមជាមួយ Bayern Munich ក្នុងការប្រកួតនារដូវក្ដៅខាងមុខនេះ។

សមាជិកម្ចាស់ពាន World Cup 2018 ខ្សែការពារ Pavard ជាផ្នែកមួយដ៏សំខាន់ ហើយតាមសេចក្ដីរាយការណ៍ គេបានចុះកិច្ចសន្យា ៥ឆ្នាំជាមួយ Bayern Munic។ ចំពោះព័ត៌មានលំអិតអំពីការចុះកិច្ចសន្យានឹងចាប់ផ្ដើមនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩។

កីឡាករដែលមានវ័យ ២២ឆ្នាំ Pavard បច្ចុប្បន្នលេងបាន ១៤ប្រកួតឲ្យក្លឹប Stuttgart និងរកបាន ១គ្រាប់ក្នុងប្រកួតពានរង្វាន់ពិភពលោក ហើយក៏ជាកីឡាករដែលធ្លាប់មានព័ត៌មានពាក់ព័ន្ធនឹងការផ្ទេរទៅក្លឹបធំៗមួយចំនួនរបស់អឺរ៉ុប ប៉ុន្តែក្លឹប Bayern Munich អាចធ្វើបានសម្រេចមុនក្លឹបផ្សេងៗទៀត៕