(ប៉ារីស)៖ ក្រុមបាល់ទាត់ Paris Saint-Germain ដែលមានកីឡាករថ្លៃជាងគេលើលោក Neymar បានហាលអាវពីពានរង្វាន់លំដាប់ទី៣ បារាំង France-League Cup ជាផ្លូវការហើយ បន្ទាប់លេងចាញ់ក្រុមបាតតារាង Guingamp ក្នុងលទ្ធផល ២-១ នាយប់មិញនេះក្នុងវគ្គ ៨ក្រុមចុងក្រោយ។

កីឡាករខ្សែប្រយុទ្ធប្រេស៊ីល Neymar បានស៊ុតគ្រាប់នាំមុខឲ្យក្រុមលេងមិនទាន់ចាញ់នៅ Ligue 1 នៅនាទីទី៦៣ មុនពេលត្រូវបានក្រុមភ្ញៀវ Guingamp វាយបកយកជ័យជម្នះវិញដោយបាល់ប៉េណាល់ទីនៅនាទីទី៨១ និងនាទីទី៩០ នៅកីឡដ្ឋាន Parc des Prince។

តាមរយៈលទ្ធផលនេះ បានធ្វើឲ្យក្រុម PSG មិនអាចឡើងទៅវគ្គ៤ក្រុមចុងក្រោយនៃពាន League Cup បាននោះទេ ខណៈក្រុម Monaco របស់ Thierry Henry ឡើងទៅជុំបន្ទាប់ ក្រោយយកឈ្នះ Rennes ដោយបាល់ប៉េណាល់ទីកាត់ សេចក្តី ៨-៧ ខណៈប្រកួតពេញម៉ោងស្មើគ្នា ១-១៕