(ព្រះសីហនុ)៖ ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់ ក្នុងប្រទេសកម្ពុជា និងកំពុងតែមានសន្ទុះអភិវឌ្ឍខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ បានអះអាងថា វត្តមានរបស់ក្រុមហ៊ុនបុរីវីអាយភី ដែលកំពុងគម្រោងសាងសង់ផ្ទះ រហូតដល់ជាង៤ពាន់ល្វែង នៅលើទឹកដីនៃខេត្តនេះ បាននឹងកំពុងរួមចំណែកធ្វើឲ្យខេត្តព្រះសីហនុ ទាំងមូល កាន់តែមានសក្កានុពលឈានឡើង និងធ្វើឲ្យសេដ្ឋកិច្ចកាន់តែរីកចម្រើនខ្លាំងគួរឲ្យកត់សម្គាល់។

ការអះអាងរបស់ថ្នាក់ដឹកនាំខេត្ត គឺក្នុងឱកាសដែល ក្រុមហ៊ុនបានរៀបចំពិធីបុកគ្រឹះ បើកសម្ពោធបុរី VIP នាព្រឹកថ្ងៃទី៩ មករា នៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ក្នុងខេត្តព្រះសីហនុ ដោយ​វត្តមានរបស់ក្រុមនេះ ត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅ ពីមន្ត្រីអាជ្ញាធរខេត្ត​ និងបានចាត់ទុកថា ក្រៅពីជំរុញឲ្យខេត្តព្រះសីហនុទាំងមូល កែប្រែមុខមាត់ថ្មី ក៏ជាសារជំរុញឲ្យអ្នកវិនិយោគក្នុងស្រុក ចាប់អារម្មណ៍លើគម្រោងអភិវឌ្ឍន៍ ក្នុងខេត្តទាំងមូលនោះផងដែរ។​

លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ តំណាង​ឲ្យលោក យន្ត មីន អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ខេត្តព្រះសីហនុ មិនអាចខ្វះការចូលរួមវិនិយោគ ពីអ្នកវិនិយោគទុនក្នុងស្រុកបានទេ ដើម្បីឲ្យការវិនិយោគទាំងមូលមាននិរន្តភាពច្បាស់លាស់ ហើយរឹងមាំ។ ​ តំបន់ទេសចរណ៍ពិតជាត្រូវការបំផុត រាល់ការវិនិយោគពីសំណាក់ជនបរទេស ប៉ុន្តែបើគ្មានគម្រោងតូចធំរបស់ក្រុមវិនិយោគក្នុងស្រុក ក៏មិនមែនជាសេចក្ដីត្រូវការរបស់ខេត្តនោះដែរ ដោយសារតែក្រុម អ្នកវិនិយោគក្នុងស្រុក ទើបយល់ពីសេចក្ដីត្រូវការរបស់អតិថិជន ក្នុងស្រុកច្បាស់លាស់ជាងជនបរទេស។

លោកបានបង្ហាញការកោតសរសើរ ចំពោះគម្រោងសាងសង់បុរីរបស់ក្រុមហ៊ុនបុរីវីអាយភី ដែលបានសម្រេចចិត្តបោះទុនសាងសង់បុរី រហូតដល់រាប់ពាន់ល្វែង លើទឹកដីខេត្តព្រះសីហនុ ដែលចរន្តនៃការបោះទុននេះ កំពុងធ្វើឲ្យសក្កានុពលរបស់ខេត្តទាំងមូល ក្លាយជាយុទ្ធសាស្ត្រនៃការចាប់អារម្មណ៍ ​ពីក្រុមវិនិយោគផ្សេងទៀត។​ ក្នុងនោះវត្តមានរបស់​សំណង់បុរីដ៍ធំមួយនេះ ក៏បានបង្ហាញខ្លួនស្របគ្នានឹងខេត្តព្រះសីហនុទាំងមូល កំពុងត្រូវការលំនៅដ្ឋានប្រកបដោយស្ដង់ដារ និងភាពជឿជាក់នាពេលបច្ចុប្បន្នផងដែរ។ លោកទទូចឲ្យអ្នកទេសចរណ៍ ដែលចង់បានផ្ទះស្នាក់នៅនៅខេត្តព្រះសីហនុ និងពលរដ្ឋរស់នៅក្នុងខេត្តព្រះសីហនុទាំងមូល ចាប់អារម្មណ៍ទិញសំណង់ របស់បុរីវីអាយភីឲ្យបានរួសរាន់ ដើម្បីទទួលបានប្លង់ល្អ ដោយសារតែគម្រោងរបស់ក្រុមហ៊ុនមួយនេះ សាងសង់ក្នុងទីប្រជុំជនព្រៃនប់ ដែលងាយនឹងចំណេញក្នុងរយៈពេលខ្លី ស្របគ្នាដែលគម្រោងមួយនេះ ក្រៅពីក្លាយជាក្រុងរណបទ្រង់ទ្រាយធំរបស់ខេត្ត ក៏មានទីតាំងតែប្រមាណ៧គីឡូម៉ែត្រ ពីព្រលានយន្តហោះខេត្តព្រះសីហនុ ដែលលោកបញ្ជាក់ថា មិនលើសពី២ឆ្នាំទៀតទេ ដីផ្ទះនៅក្នុងតំបន់នេះ នឹងថ្លៃដូចមាស ព្រោះតែខេត្តបានទទួលគម្រោងអភិវឌ្ឍន៍ច្រើន នៅបរិវេណព្រលាន។

ដោយឡែកលោក វ៉ន វណ្ណៈ អគ្គនាយកក្រុមហ៊ុនVIP បានថ្លែងបញ្ជាក់ថា គម្រោងសាងសង់បុរី និងផ្សារនៅក្នុងតំបន់ព្រៃនប់នេះ គឺជាគម្រោងទី២ក្នុងខេត្តព្រះសីហនុ បន្ទាប់ពីប៉ុន្មានខែមុន ក្រុមហ៊ុនក៏បានបុកគ្រឹះសាងសង់ខុនដូកម្ពស់១៧ជាន់ នៅកណ្ដាលក្រុងព្រះសីហនុ ដើម្បីទុកជួលឲ្យភ្ញៀវខ្មែរ និងបរទេសដែលទៅកម្សាន្តនៅខេត្តព្រះសីហនុ តែនឹងជួលក្នុងតម្លៃឲ្យទាបបំផុត ដើម្បីជាប្រយោជន៍ទាក់ទាញភ្ញៀវខ្មែរឲ្យចង់ឡើងចុះខេត្តនេះជាថ្មី។ ដោយឡែកសម្រាប់គម្រោងសាងសង់បុរី ដែលជាលំនៅដ្ឋានទ្រង់ទ្រាយធំនេះវិញ លោកថាគម្រោងប្រើទុន១២០លានដុល្លារ និងមានសំណង់ផ្ទះបីប្រភេទរហូត ដល់ជាង៤ពាន់ល្វែង ដោយមានទាំងផ្សារ និងសួនលម្ហែកាយផង។ គម្រោងនេះមានដីសរុបជាង៦០ហិកតា ដោយតាមផែនការនឹងពង្រីកឲ្យដល់ជាង១០០ហិកតារ ដើម្បីបំពេញតម្រូវការ។

លោក ហម រ៉ន ដៃគូហ៊ុនមួយរូបទៀតរបស់បុរីវីអាយភី បានថ្លែងបញ្ជាក់ថា គិតត្រឹមថ្ងៃបើកសម្ពោធបុកគ្រឹះសាងសង់ សំណង់នៅបុរី VIP ក្នុងខេត្តព្រះសីហនុ លក់អស់ជាង១ពាន់ល្វែងហើយ ដោយក្នុងនោះមានអ្នកទិញ​បង់ផ្ដាច់ជាងពាក់កណ្ដាល ហើយអ្នកទិញភាគច្រើន គឺអ្នកនៅភ្នំពេញ និងនៅខេត្តកំពត។ ​សំណង់បុរីនេះ នឹងផ្ដោតជាសំខាន់លើពលរដ្ឋ ដែលមានចំណូលមធ្យម និងក្រោមមធ្យម ដោយតម្លៃមានចាប់ពីជាង២ម៉ឺនឡើ​ងទៅ ហើយធានាឲ្យបាននូវបញ្ហាគុណភាព សំណង់ពាក់ព័ន្ធនឹង រឿងប្រេះ និងជ្រាបទឹក។

លោកបន្តថាគម្រោង នៅខេត្តព្រះសីហនុ លក់ដាច់មិនចាញ់គម្រោងបុរីវីអាយភី នៅភ្នំពេញនោះទេ ទើបលោកបង្ហាញសុទិដ្ឋិនិយមបោះទុន អភិវឌ្ឍន៍ក្នុងខេត្តព្រះសីហនុឲ្យកាន់តែខ្លាំងថែមទៀត ដើម្បីរួមចំណែកលើកកម្ពស់ខេត្ត ជាប់មាត់សមុទ្រមួយនេះ ឲ្យមានកំណើនវិនោយោគអោយកាន់តែខ្លាំង​៕