(ថៃ)៖ ជាការពិតតារាសម្តែងប្រុស រូបសង្ហារ លោក Mike Pattaradet នឹងបញ្ចប់កុងត្រា ជាមួយនឹងទូរស្សន៍ប៉ុស្តិ៍លេខ ៧ ឆាប់ៗនេះ បន្ទាប់ពីបានជ្រកកោនក្នុងក្រុមហ៊ុននេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ។ ទស្សនិកជនកំពុងមានចម្ងល់ថា តើតារាប្រុសរូបនេះ នឹងបន្តកុងត្រាជាមួយ ទូរស្សន៍ប៉ុស្តិ៍លេខ ៧ ទៀត ឬក៏ចាកចេញ ទៅតាមតារាស្រី នាង Pooklook Fonthip?

ការកើនមាននូវចម្ងល់បែបនេះ ពីទស្សនិកជន ព្រោះតែតែគេសង្កេតឃើញថា តារាប្រុស លោក Mike Pattaradet និងតារាសម្តែងស្រី Pooklook Fonthip មានទំនាក់ទំនងយ៉ាងស្និតស្នាលនឹងគ្នា រហូតអ្នកគាំទ្រចង់ឱ្យតារាប្រុសស្រីទាំងពីរ ក្លាយជាគូស្នេហ៍ពិតប្រាកដទៀតផង។ ទន្ទឹមគ្នានេះ កាលពីខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ តារាស្រីរូបនេះបានបញ្ចប់កុងត្រាជាមួយនឹងក្រុមហ៊ុន ហើយក៏ប្តូរទៅទូរទស្សន៍ PPTV វិញ ជាហេតុធ្វើឱ្យទស្សនិកជនគិតថា ប្រហែល Mike Pattaradet ប្តូរក្រុមហ៊ុនទៅតាម តារាស្រី Pooklook Fonthip។

ទាក់ទងនឹងបញ្ហានេះ ថ្លែងប្រាប់អ្នកកាសែតក្នុងស្រុក លោក Mike Pattaradet បាននិយាយថា «នៅពេលពួកយើងជួបគ្នា យើងមិននិយាយពីរឿងការងារនោះទេ យើងនិយាយតែការញ៉ាំអាហារ និងធ្វើដំណើរតែប៉ុណ្ណោះ។ នាងប្តូរក្រុមហ៊ុន គឺជារឿងរបស់នាង និងជាការសម្រេចចិត្តរបស់នាង ហេតុនេះហើយបានជាខ្ញុំគោរពវា។ ខ្ញុំអាចឆ្លើយតែអ្វី ដែលខ្ញុំអាចឆ្លើយបានតែប៉ុណ្ណោះ»

លោកថា «សម្រាប់ខ្ញុំ គឺមានខ្សែភាពយន្តពីរ កំពុងសម្តែង។ ទូរស្សន៍ថៃប៉ុស្តិ៍លេខ ៧ ប្រៀបបានជាផ្ទះដ៏ធំរបស់ខ្ញុំ ហើយពួកគេបានផ្តល់ឱកាស ឱ្យខ្ញុំសម្តែងរឿងល្អៗជាច្រើន ដូច្នេះខ្ញុំត្រូវធ្វើវាឱ្យល្អបំផុត។ សម្រាប់កុងត្រារបស់ខ្ញុំ ជាមួយក្រុមហ៊ុន​ នឹងបញ្ចាប់នៅឆ្នាំក្រោយ។ ខ្ញុំត្រូវតែធ្វើវាឱ្យល្អបំផុតក្នុងថ្ងៃនេះ ហើយវានឹងល្អសម្រាប់អនាគតផងដែរ»