(ឌូបៃ)៖ ក្រុមទាំង៣នៅតំបន់អាស៊ានមានដូចជា ថៃ វៀតណាម និងហ្វីលីពីន សុទ្ធតែលេងចាញ់ដូចគ្នាពី ១ប្រកួតបើកឆាកក្នុងព្រឹត្តិការណ៍ពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup 2019 ដែលមានអារ៉ាប់រួមធ្វើម្ចាស់ផ្ទះ។

ក្រុមបាល់ទាត់ជម្រើសជាតិថៃ ដែលមានស្ថិតក្នុងពូល A ជាមួយក្រុមម្ចាស់ផ្ទះអារ៉ាប់រួមផងនោះ បានចាញ់ក្រុមជម្រើសជាតិឥណ្ឌាស្ពឹកមុខក្នុងលទ្ធផល ១-៤ មុនពេលហ្វីលីពីន បានចាញ់រងជើងឯករដូវកាលមុន កូរ៉េខាងត្បូង ០-១ ដែលស្ថិតក្នុងពូល C និងយប់មិញនេះទៀត វៀតណាមត្រូវបានក្រុមអ៊ីរ៉ាក់វាយបកយកជ័យជម្នះ ៣-២ ចុងម៉ោងជាក្រុម ដែលស្ថិតក្នុងពូល D។

យ៉ាងណាមិញ ក្រុមទាំង៣ដែលបានឆ្លងផុតវគ្គជម្រុះ និងចូលលេងជុំផ្តាច់ព្រ័ត្រវគ្គ២៤ក្រុមចុងក្រោយនៅអារ៉ាប់រួមនោះ សុទ្ធតែនៅសល់ ២ប្រកួតសន្សំពិន្ទុក្នុងដៃទៀតដូចគ្នា តែប្រសិនបើបន្តបរាជ័យទៀត អាចនឹងអស់ឱកាសឡើងទៅវគ្គបន្ត៕