(ក្រុងឡុងដ៍)៖ ១គ្រាប់ប៉េណាល់ទីរបស់កីឡាករខ្សែប្រយុទ្ធ Harry Kane នៅនាទីទី២៧ បានជួយឲ្យក្រុមម្ចាស់ផ្ទះមាន់ ខ្នាយមាស Tottenham Hotspur យកឈ្នះក្រុមភ្ញៀវតោខៀវ Chelsea ១-០ សម្រាប់ជើងទី១ នៃពានរង្វាន់លំដាប់ទី៣ អង់គ្លេស League Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ការប្រកួតដែលបានធ្វើឡើងនៅកីឡដ្ឋាន Wembley ស្ថិតក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស Chelsea បានធ្វើការដាក់ សម្ពាធទៅលើម្ចាស់ផ្ទះជាខ្លាំង និងដាក់សុទ្ធតែកីឡាករឈុតជម្រើស ១១នាក់ដំបូង និងស៊ុត ១២ជើង ខុសគោលដៅ៧ និងចំគោលដៅ៥ នៅតែមិនអាចបំប៉ោងសំណាញ់ទីក្រុមរួម Premier League ដូចគ្នាបានដដែល ខណៈ Spurs ស៊ុតចំគោលដៅតែ ៤ជើងប៉ុណ្ណោះ។

១គ្រាប់របស់ Kane នាយប់មិញនេះដែរ បានធ្វើឲ្យកីឡាករប្រធានក្រុមអង់គ្លេសរូបនេះកើនដល់ ២១គ្រាប់ ក្នុងចំណោមទាត់ប៉េណាល់ទីសរុប ២៥ដងឲ្យមាន់ខ្នាយមាស ក្នុងនាមជាកីឡាកររកបាន ១៤គ្រាប់នៅ Premier League នារដូវកាលថ្មីឆ្នាំ២០១៨-២០១៩ ស្មើគ្នានឹងកីឡាករ Aubameyang របស់ក្លឹបកាំភ្លើងធំ Arsenal។

Spurs ត្រូវធ្វើដំណើរទៅទឹកដីកីឡដ្ឋាន Stamford Bridge របស់ Chelsea វិញនារាត្រីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ដើម្បីបញ្ចប់ជើងទី២ ខណៈ Manchester City ត្រូវប៉ះក្រុម Burton Albion យប់នេះបញ្ចប់ជើងទី១ នៅកីឡដ្ឋាន Etihad៕