(ភ្នំពេញ)៖ តារាសម្ដែងមានប្រវត្តិកម្សត់តស៊ូ តាំងពីកុមារភាព លោក ចាន់ស៊ី ស៊ីណាវ៉ាត់ត្រា បានចាប់ដៃជាមួយស្រីស្អាត ដែលជា Miss Grand Cambodia 2017 កញ្ញា ខ្លឹម ស្រីគា សម្ដែងក្នុង MV បទចម្រៀងថ្មី ដែលមានចំណង ជើងថា «អូនដឹង» របស់តារាចម្រៀង ធារ៉ានី ជាពិសេសនោះ ត្រង់ឈុតស្នេហារោលរាល ឱបថើបគ្នាលើគ្រែ ពីសំណាក់លោក ស៊ីណាវ៉ាត់ត្រា បានធ្វើឲ្យស្រីគា​ព្រឺរោម រហូតរមួលក្រពើ ដោយសារស្នាដៃតារាប្រុស។

យ៉ាងណាមិញនៅក្រៅឆាកថតសម្តែង តួប្រុសរូបនេះបាន​ អះអាងថា លោកមិនបានកេងយកចំណេញ លើរាងកាយរបស់តារាបង្ហាញម៉ូដល្បីឈ្មោះ កញ្ញា ខ្លឹម ស្រីគា ឡើយ។ ម្យ៉ាងទៀត រូបគេចាត់ទុក ស្រីគា ជារៀមច្បង​ ដែលមានទេពកោសល្យល្អម្នាក់ ហើយការលេងឈុតស្នេហាក្ដៅសាច់នោះ គឺមានតែក្នុង MV ប៉ុណ្ណោះ នៅខាងក្រៅ គឺរាប់អានគ្នាជាមិត្តរួមអាជីពប៉ុណ្ណោះ។

លោក ចាន់ស៊ី ស៊ីណាវ៉ាត់ត្រា បានថ្លែងប្រាប់ ថា «លោកពិតជាមានកិត្តិយសណាស់ និងអារម្មណ៍រីករាយ ដែលបានចាប់ដៃគូសម្ដែង ជាលើកដំបូង ជាមួយកញ្ញា ដែលជាអ្នកបង្ហាញម៉ូដ លំដាប់ល្បីឈ្មោះម្នាក់នេះ។ ចំពោះឈុតដែលលោកឱបថើប ស្រីគា រហូតរមួលជើង (រមួលក្រពើ) នៅលើ​គ្រែនោះ គ្រាន់តែធ្វើទៅតាមអ្នកដឹកនាំសម្ដែងប៉ុណ្ណោះ លោកមិនមានចង់កេងចំណេញនាងឡើយ»

លោកណាវ៉ាត់ត្រា ក៏មានជំនឿចិត្តយ៉ាងមុតមាំដែរថា បទចម្រៀង «អូនដឹង» ពេលចេញF ull MV ពិតជាធ្វើឲ្យមហាជនចាប់អារម្មណ៍ជាមិនខានឡើយ ព្រោះថា បទនេះពីរោះ អត្ថន័យល្អ និងគួបផ្សំអ្នកដឹកនាំ ដ៏មានបទពិសោធខ្ពស់ទៀតផង៕