(ភ្នំពេញ)៖ ពិតជារឿងមួយគួរឲ្យស្ងើចសរសើរទៅដល់ទឹកចិត្តនាយិការសាលាអន្ដរជាតិ អេស អាយ អេស គឺលោកស្រី ងឿន ផល្លីនពោធិតា ដែលបានបង្កើតកម្មវិធីតន្រ្ដីសប្បុរសធម៌ SIS លើកទី៦ ក្នុងគោលបំណងដើម្បីរៃអង្គាលថវិកា ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។

នាយិការសាលាអន្ដរជាតិ អេស អាយ អេស លោកស្រី ងឿន ផល្លីនពោធិតា បានអោយដឹងថា «នេះគឺជាឆ្នាំទី៦ ដែលសាលាបានរៀបចំកម្មវិធីសប្បុរសធម៌ ដើម្បីប្រមូលថវិកា យកទៅបរិច្ចាគមន្ទីរពេទ្យគន្ធបុប្ផា ក៏ដូចជាមណ្ឌលកុមារកំព្រា ដែលជាកម្មវិធីមនុស្សធម៌ ដោយសាលាធ្វើជារៀងរាល់ឆ្នាំ។ កាលពីកន្លងមក យើងតែងតែសង្កេតឃើញថា មន្ទីរពេទ្យគន្ធបុប្ផា ខ្វះខាតថវិការ ហើយស្វែងរកសុំជំនួយ ពីក្រៅប្រទេស និង ក្នុងស្រុកជាដើម។ នេះជាមូលហេតុ ដែលយើងបានរៀបចំកម្មវិធីសប្បុរសធម៌នេះឡើង ហើយនេះជាកម្មវិធីដ៏ល្អ ផ្ដើមចេញពីយើងកូនខ្មែរទាំងអស់គ្នា យើងជួយដល់កូនខ្មែរ​ ដែលចេញពីចិត្តយើងផ្ទាល់ បើមិនរៀបចំធ្វើឡើង មិនជ្រៀតចូលទៅក្នុងចិត្តពួកគាត់ ពួកគាត់មិនអាចនឹកឃើញនោះទេ»

លោកស្រី ងឿន ផល្លីនពោធិតា បានបន្ថែមទៀតថា «ជាក់ស្ដែង កាលពីកន្លងទៅ យើងក៏បានរៀបចំកម្មវិធីសប្បុរសធម៌មួយ ដោយដឹកនាំសម្ភារៈមួយចំនួន ដូចជាសម្លៀកបំពាក់ ថវិកា និង សម្ភារៈសិក្សា ចែកដល់សិស្សានុសិស្ស នៅខេត្តសៀមរាប ខណៈគោលបំណងមួយនេះ ចង់ឲ្យប្អូនៗ សិស្សានុសិស្ស ទទួលបានចំណេះដឹង និងមានលទ្ធភាពទទួលបានចំណេះដឹង។ ដោយឡែក ចំពោះថវិការ ដែលបានធ្វើសប្បុរសធម៌នោះ គឺបានមកពីការលក់អាវយឺត និងលក់សំបុត្រ ឬ ទឹកសុទ្ធផ្សេងៗជាដើម»

ដោយឡែក លោក ហួត សុភាព ជាអ្នកគ្រប់គ្រងកម្មវិធីតន្រ្ដីសប្បុរសធម៌ ក៏បានបង្ហាញចំណាប់អារម្មណ៍ថា «ចំពោះការរៃអង្គាសប្រាក់​ គឺធ្វើទៅតាមច្រើនទម្រង់ ដូចជាទី១​ គឺតាមរយៈការលក់សំបុត្រ ក្នុងនោះសំបុត្រ ៥ ដុល្លារ ដែលលក់បាន គឺបរិច្ចាគទៅដល់មន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ ចំណែកថ្លៃនៃការរៀបចំឆាក ​បោះពុម្ពអាវយឺត បោះពុម្ពសំបុត្រ និង ថ្លៃមួយចំនួនទៀត គឺសាលាជាអ្នកចំណាយ។ ទី២ ទទួលបានស្ពនស័រពីក្រុមហ៊ុនផ្សេងៗ ដែលចង់ចូលរួមកម្មវិធីជាមួយយើង ហើយ ទី៣ ថវិកាមួយចំនួនទៀត បានមកពីការចូលរួមពីសិស្សានុសិស្ស និង អាណាព្យាបាល ដោយយើងចែកជាស្រោមសំបុត្រ ហើយចូលរួមទៅតាមទឹកចិត្តរបស់ពួកគាត់»

គួរជម្រាបថា កាលពីឆ្នាំមុន សាលាអន្តរជាតិ SIS ក៏បានរៀបចំកម្មវិធីសប្បុរសធម៌ ដោយរៃអង្គាលបានទឹកប្រាក់ជាង២ម៉ឺនដុល្លារ យកបរិច្ចាគទៅដល់មន្ទីរពេទ្យគន្ធបុប្ផា ហើយថវិកាដែលសល់ពីនោះ បានផ្ដល់ទៅឲ្យមណ្ឌលកុមារកំព្រាផងដែរ៕