(ម៉ាឌ្រីដ)៖ តាមការរាយការណ៍កាលពីថ្ងៃចន្ទ ទី៧ ខែមករា ក្នុងកម្មវិធី El Partido de la Una បានឲ្យដឹងថា ក្លឹប Real Madrid ដែលមានលោក Santiago Solari ជាគ្រូបង្វឹកនោះ មានបំណងចង់បានខ្សែប្រយុទ្ធ Krzysztof Piatek របស់ក្លឹប Genoa មកកាន់ទឹកដី Santiago Bernabeu នៅក្នុងខែមករា ឆ្នាំ២០១៩នេះ។

ប្រភពខាងលើនេះបានបញ្ជាក់ថា ក្លឹបយក្សអេស្ប៉ាញ អាចនឹងនាំយកខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញ វ័យ២៣ឆ្នាំ Piatek ប៉ុន្ដែក្នុងលក្ខខណ្ឌខ្ចីជើង ពីក្លឹបអ៊ីតាលី។

Piatek បានបង្ហាញភាពលេចធ្លោនៅក្នុងក្រុមជម្រើសជាតិប៉ូឡូញ ២ប្រកួតរកបាន ១គ្រាប់ហើយនៅក្នុងការប្រកួតលីគកំពូលអ៊ីតាលី Serie A បច្ចុប្បន្នកីឡាកររូបគេអាចរកគ្រាប់បាល់បានសរុប ១៣គ្រាប់ពីការបង្ហាញខ្លួន ១៩ប្រកួតនៅក្នុងលីគ ហើយឈរនៅលេខ២ ក្នុងតារាង Top Scorer បន្ទាប់ពីខ្សែប្រយុទ្ធ Cristiano Ronaldo របស់ Juventus ដែលរកបាន១៤គ្រាប់៕