(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់ហង្សក្រហម Liverpool បានហាលអាវពីពានរង្វាន់លំដាប់ទី២ អង់គ្លេស FA Cup ត្រឹមជុំទី៣យប់ថ្ងៃចន្ទ ទី០៧ ខែមករា ឆ្នាំ២០១៩ ក្រោយចាញ់ម្ចាស់ផ្ទះ Wolverhampton Wanderers ក្នុងលទ្ធផល ១-២។

កីឡាករ Neves អ្នកស៊ុតគ្រាប់ជ័យជម្នះឲ្យក្រុមសមាជិក Premier League នៅនាទីទី៥៥ ក្រោយពេល Origi ស៊ុតគ្រាប់តាមស្មើ ១-១ ទើបតែបាន ៤នាទីប៉ុណ្ណោះ ជាមួយនឹងគ្រាប់ទី១ ធ្វើបានសម្រេចដោយកីឡាករ Jimenez នៅនាទីទី៣៨ ចុងម៉ោងវគ្គទី១។

ក្នុងជំនួបដ៏ស្វិតស្វាញនោះដែរ គ្រូបង្វឹក Liverpool លោក Jurgen Klopp បានធ្វើការផ្លាស់ប្តូរកីឡាករជម្រើស ១១នាក់ដំបូងរហូតដល់ទៅ ៩នាក់ដោយរួមមានកីឡាករយុវជនវ័យ ១៧ឆ្នាំ Curtis Jones និងកីឡាករ Rafael Camacho វ័យ១៨ឆ្នាំផងដែរ។

នេះជាលើកទី២ផងដែរ ដែល Wolves បានទម្លាក់ក្រុមខ្លាំង Liverpool ចេញពី FA Cup ក្នុងរយៈពេល ៣រដូវកាលចុងក្រោយនេះដែលអាចប៉ះក្រុម Stoke City ឬក៏ Shrewsbury ក្នុងជុំទី៤ ជាបន្តទៀត៕