(កូរ៉េ)៖ ភ្នាក់ងារផ្តល់ព័ត៌មានថ្មីពាក់ព័ន្ធនឹងការស៊ើបអង្កេតលើករណីគំរាមកំហែង ដោយគ្រាប់បែកលើក្រុមតារាស្រី A Pink ភ្នាក់ងារ​របស់ក្រុមតារាចម្រៀង A Pink ថ្មីៗនេះ បានបើកការស៊ើបអង្កេតព្រហ្មទណ្ឌពាក់ព័ន្ធនឹងករណីគំរាមកំហែង ដោយគ្រាប់បែក​ជាបន្តបន្ទាប់ មកលើក្រុមនេះចាប់តាំងពីឆ្នាំ២០១៧។

ក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៦ ខែមករា តំណាងក្រុម A Pink បានបង្ហាញថា ជនសង្ស័យក្នុងករណីនេះ​គឺជាជនជាតិអាមេរិក ដែលមានដើមកំណើតកូរ៉េ រស់នៅក្នុងប្រទេសកាណាដា។ បច្ចុប្បន្នប៉ូលីសកាណាដាកំពុងតាមចាប់ខ្លួន ហើយប៉ូលីសអាំងទែរប៉ូលកំពុងតែដំណើរការស៊ើបអង្កេត។ ភ្នាក់ងារនេះគ្រោងនឹងឲ្យប៉ូលីសចាប់ខ្លួនជនសង្ស័យភ្លាមៗ នៅពេលដែលគេត្រឡប់មកប្រទេសវិញ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៧ កាលវិភាគសម្តែងរបស់ A Pink ជាច្រើនតែងត្រូវរារាំងដោយជនអនាមិក ដែលផ្ញើសារមកគំរាមបំផ្ទុះគ្រាប់បែកជាង ៣០ដង ប្រសិនបើក្រុមនេះហ៊ានសម្តែង ហើយអ្នកគាំទ្រក៏ដូចជាភ្នាក់ងារបានស្នើសុំអន្តរាគមន៍ពីក្រុមសមត្ថកិច្ចភ្លាមៗ ដើម្បីទប់ស្កាត់ការកើតមានឡើងនូវហេតុការណ៍ណាមួយ៕