(ព្រៃវែង)៖ ក្លឹបកីឡាបាល់ទាត់វិសាខា បានបញ្ចប់ការរៀបចំកម្មវិធី «សប្បុរសធម៌ ស្ដីពីកីឡាបាល់ទាត់» លើកទី៣ របស់ខ្លួន នៅកីឡដ្ឋានខេត្តព្រៃវែងនាថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ បានបញ្ចប់ដោយជោគជ័យ មុនធ្វើដំណើរទៅបោះជំរុំហ្វឹកហាត់នៅថៃ ខណៈកម្មវិធីនេះ បានទាក់ទាញសិស្សានុសិស្ស និងក្មេងៗកុមារកំព្រាជិត ៣០០នាក់មកពីសាលារៀន និងអង្គការមួយចំនួន ក្នុងក្រុងព្រៃវែងចូលរួម។

បើធៀបនឹងកម្មវិធីសប្បុរសធម៌មុនៗ ដែលក្លឹបវិសាខា បានរៀបចំនៅខេត្តព្រៃវែង ការចូលរួមរបស់ក្មេងៗ និងកុមារលើកនេះ គឺមានការកើនឡើងច្រើន គ្រាដែលអ្នករៀបចំរំពឹងអ្នកចូលរួមត្រឹមជាង ១៥០នាក់ តែជាក់ស្ដែងបានកើនដល់ជិត ៣០០នាក់។ ការចូលរួមលើសការរំពឹងទុកនេះ ត្រូវបានថ្នាក់ដឹកនាំក្លឹបវិសាខា ចាត់ទុកជាសញ្ញាណវិជ្ជមានមួយក្នុងខេត្តព្រៃវែង ដែលមានក្មេងៗចាប់អារម្មណ៍លេងកីឡាច្រើន និងធ្វើឲ្យកាត់បន្ថយនូវការប្រព្រឹត្តអំពើសង្គមស្អប់ខ្ពើមផ្សេងៗ។

សម្រាប់កម្មវិធីសប្បុរសធម៌នេះ រៀបចំឡើងក្រោមការចង្អុលបង្ហាញរបស់លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ កែ សួនសុភី ប្រធានក្លឹបវិសាខា ដើម្បីចែករំលែកបទពិសោធន៍កីឡាបាល់ទាត់ដល់ក្មេងៗកុមារកំព្រា និងបណ្ដុះស្មារតីស្រលាញ់កីឡា ឲ្យលេងកីឡាពេលទំនេរពីការសិក្សា ដោយលោកគ្រូ និងកីឡាករទាំងអស់ នៃក្លិបកីឡាបាល់ទាត់វិសាខា។ ក្រោយបញ្ចប់កម្មវិធីនេះ ឯកឧត្តម និងលោកជំទាវ ក៏បានចែកនូវសម្ភារៈសិក្សា និងវត្ថុអនុស្សាវរីយ៍ជូនដល់សិស្ស និងក្មេងៗកុមារកំព្រា ដែលបានចូលរួមផងដែរ៕