(ម៉ាឌ្រីដ)៖ ក្រុមអធិរាជស Real Madrid បានប្រកាសពីការទិញកីឡាករយុវជន វ័យ១៩ឆ្នាំ Braheem Diaz ពីក្លឹបជើងឯកអង់គ្លេស មេឃខៀវ Manchester City ក្នុងតម្លៃខ្លួន ២៨លានដុល្លារ មុនពេលកិច្ចសន្យាចាស់របស់កីឡាករជនជាតិអេស្ប៉ាញរូបនេះនៅសល់តែ ៦ខែទៀតនៅកីឡដ្ឋាន Etihad។

Diaz បានក្លាយជាសមាជិកថ្មីទី២ ដែលក្រុមជើងឯកអឺរ៉ុប UEFA Champions League នាដើមខែមករា ឆ្នាំ ២០១៩ ជាមួយនឹងកិច្ចសន្យារយៈពេល ៦ឆ្នាំកន្លះ ក្រោយរូបគេចំណាយពេល ៦ឆ្នាំនៅអង់គ្លេសគិតចាប់តាំងពីឆ្នាំ ២០១៣មក បន្ទាប់ពីចាកចេញពីក្លឹបរួម La Liga, Malaga។

Braheem Diaz ត្រូវបាន Real Madrid ប្រកាសនៅលើទំព័រផ្លូវការ បន្ទាប់ពីពួកគេបានបរាជ័យ ២-០ ក្រោមថ្វីជើងរបស់ក្រុមភ្ញៀវ Real Sociedad នៅកីឡដ្ឋាន Satiago Bernabeu ដែលនឹងអាចជំនួសកីឡាករ Adiano Diaz ដែល កំពុងមានបញ្ហារបួស។

Braheem Diaz បានយល់ព្រមចាកចេញពី Man City ដោយសារពុំមានឱកាសបង្ហាញក្នុងជម្រើស ១១នាក់ដំបូង ញឹកញាប់ ដ្បិតរូបគេទើបបង្ហាញខ្លួនបាន ១៥ប្រកួតក្រោមការបង្វឹករបស់ Pep និងរកបាន ២គ្រាប់ផងដែរពេល Manchester City ទម្លាក់ Fulham ចេញពី League Cup នាខែវិច្ឆិកា និងជាកីឡាករសំខាន់១រូបផងដែរក្នុងជំនួប Man City យកឈ្នះ Leicester City ក្នុងវគ្គ ៨ក្រុមចុងក្រោយកាលពីខែមុន៕