(មេនឆេស្ទើ)៖ ក្លឹបមេឃខៀវ Manchester City បានលត់ Rotherham United ដោយលទ្ធផល ៧-0 ក្នុងការប្រកួតប្រជែងពានរង្វាន់លំដាប់ទី២ អង់គ្លេស FA Cup នារាត្រីថ្ងៃអាទិត្យ ទី៦ ខែមករា ឆ្នាំ២០១៩ នៅកីឡដ្ឋាន Etihad ជុំទី៣។

កីឡាករខ្សែប្រយុទ្ធពាក់លេខ៧ Raheem Sterling បានស៊ុតនាំមុខនៅនាទីទី១២ មុនពេលកីឡាករវ័យ ១៨ឆ្នាំ Phil Foden រកបានគ្រាប់ទី២ នៅនាទី៤៣ និងការធ្វេសប្រហែសចូលទីខ្លួនឯងនៅនាទីទី៤៥ បើកផ្លូវឲ្យម្ចាស់ផ្ទះមេឃខៀវ នាំមុខ ៣-០ ត្រឹមវគ្គទី១ រយៈពេល ៤៥នាទី។

យ៉ាងណាក៏ដោយ កូនក្រុមរបស់លោក Pep Guardiola បន្តរកបាន ៤គ្រាប់គ្រាប់ទៀតក្នុងវគ្គទី២ ក្នុងខណៈខ្សែប្រយុទ្ធ Gabriel Jesus រកបានគ្រាប់ដែរនៅនាទីទី៥២ ដោយការទទួលបាល់ពី Sterling និង Riyad Mahrez រកបានគ្រាប់ទី៥ នៅនាទី៧៣ និងខ្សែការពារ Nicolas Otamendi គ្រាប់ទី៦ នៅនាទី៧៨ ចុងក្រោយ Leroy Sane នៅនាទី៨៥។

តាមរយៈជ័យជម្នះដោយស្រួលក្នុងដីនេះដែរ បានធ្វើឲ្យ Man City ឡើងទៅជុំទី៤ នៃ FA Cup ខណៈខ្សែបម្រើ IIkay Gundogan ជាប់ជាខ្សែបម្រើបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានច្រើនជាងគេ ៤ដងក្នុងប្រកួតនេះ៕