(ភ្នំពេញ)៖ បន្ទាប់ពីមានការព្រួយបារម្ភព្រោះតែស្ថានភាពជំងឺកាន់តែមានសភាពធ្វើទុក្ខធ្ងន់ធ្ងរខ្លាំង តារាកំប្លែង នាយ សានម៉ៅ ត្រូវបានក្រុមគ្រួសារសម្រេចបញ្ជូនទៅសង្គ្រោះបន្តនៅមន្ទីពេទ្យមួយកន្លែងនាទឹកដីប្រទេសថៃ។

ផ្អែកតាមការរៀបរាប់របស់ប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា បានលើកឡើងថាពេលនេះលោកពូ សាន ម៉ៅ កំពុងសម្រាកព្យាបាលនៅមន្ទីរមួយដែលស្ថិតនៅខេត្តស៊ីសាកេត ប្រទេសថៃ ពេលនេះស្ថានភាពរបស់លោកបានធូបន្តិចហើយ។

អ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ជាក់ឲ្យដឹងទៀតថា អំឡុងពេលលោកពូព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសខ្មែរ ក្នុងបន្ទប់សង្គ្រោះបន្ទាន់រយៈពេល ២១ថ្ងៃ គាត់ចំណាយអស់ជិត ១០០០០ម៉ឺនដុល្លារ។ ហើគ្រួសាររបស់លោកពូ (នាយ សាន ម៉ៅ) បានយកផ្ទះនិងឡាន ទៅបញ្ចាំបានថវិការចំនួន ១៥០០០ដុល្លារ ដើម្បីយកលោកពូទៅព្យាបាលនៅមន្ទីរពេទ្យក្នុងទឹកដីប្រទេសថៃ។ អ្នកនាង ចន ច័ន្ទលក្ខិណា បន្ថែមថា ហើយមកដល់ពេលនេះគឺគាត់បានចំណាយលើថ្លៃរថយន្តសង្គ្រោះពីភ្នំពេញដល់ព្រំដែនខ្មែរថៃអស់ ៣០០០ដុល្លារហើយ ថ្លៃរថយន្តសង្គ្រោះពីព្រំដែនខ្មែរថៃ  និងពីព្រំដែនខ្មែរថៃទៅខេត្តស៊ីសាកេតប្រទេសថៃគឺចំណាយអស់ជាង ៧០០០បាត នេះគ្រាន់តែថ្លៃរថយន្តដឹកអ្នកជំងឺទេថ្លៃព្យាបាលគឺមិនទាន់ដឹងនៅឡើយទេ។

តារាកំប្លែងជើងចាស់ទទួលបានការគាំទ្រនិងមានប្រជាប្រិយភាពខ្ពស់នាយ សាន ម៉ៅ ព្រោះតែការព្យាបាលនៅមន្ទីពេទ្យស្រុកខ្មែរហាក់មិនសូវទទួលបានលទ្ធផលល្អ និងដោយសារតែស្ថានភាពជំងឺកាន់តែបង្កឲ្យមានការព្រួយបារម្ភផងនោះ ទើបនាយត្រូវបានក្រុមគ្រួសារសម្រេចចិត្ត បញ្ជូនទៅព្យាបានបន្តនៅឯមន្ទីពេទ្យមួយកន្លែងនាទឹកដីប្រទេសថៃ។

ខណៈដែលបច្ចុប្បន្នក៏មានមហាជន និងអ្នកគាំទ្រជាច្រើនបានបង្ហាញសារជូនពរឲ្យតារាកំប្លែងនាយ សាន ម៉ៅ ឆាប់ជាសះស្បើយ​ពីជំងឺនេះឆាប់ៗផងនោះ៕