(អាមេរិក)៖ ពេលនេះតារាចម្រៀងអាមេរិកដ៏ល្បី Madonna បានបញ្ចេញប្រតិកម្មហើយ ចំពោះពាក្យចចាមអារ៉ាមទាក់ទងនឹងការលើកឡើងរបស់អ្នកគាំទ្រមួយចំនួន ដែលនិយាយថានាងមានសាច់ត្រគាក (កំប៉េះគូទ) ធំជាងមុន ដែលពួកគេយល់ថា ស្តេចចម្រៀងប៉ុបរូបនេះទៅឲ្យគ្រូពេទ្យចាក់ថ្នាំពង្រីក។ តាមរយៈសារដែលបង្ហោះនៅលើ Instagram របស់នាងកាលពីថ្ងៃព្រហស្បតិ៍ តារាស្រីវ័យ ៦០ឆ្នាំរូបនេះ ហាក់មិននិយាយអ្វីច្រើនទេ ចំពោះការលើកឡើងនេះ ដោយនាងគ្រាន់តែបញ្ចប់ពាក្យពេចន៍ជាមួយនឹងអារម្មណ៍ថា «គ្មានការភ័យខ្លាច» និង «គ្មានការរើសអើង» នោះទេ។

ក្នុងន័យនេះ Madonna មិន ខ្វល់ចំពោះពាក្យចចាមអារ៉ាមនេះឡើយព្រោះនាងយល់ថាវាជាការយល់ឃើញរបស់គេ ចំណែកតំណាងរបស់នាងក៏ មិនបានឆ្លើយតបនឹងការសាកសួររបស់ Yahoo ចំពោះរឿងនេះដែរ។ ការភ្ញាក់ផ្អើលពីរូបរាងដ៏ប្លែករបស់តារាចម្រៀង រូបនេះកើតឡើងបន្ទាប់ពីនាងបង្ហាញខ្លួនជាមួយកូនប្រុសអាយុ ១៣ឆ្នាំ David Banda ក្នុងឱកាសឆ្លងឆ្នាំថ្មីនៅឯ Stonewall Inn ទីក្រុងញូវយ៉ក នាពេលថ្មីៗនេះ។

គួរបញ្ជាក់ថា បច្ចុប្បន្ន Madonna កំពុងរស់នៅប្រទេសព័រទុយហ្គាល់ ជាមួយកូន ៤នាក់ ហើយនាងក៏នឹងចេញអាល់ប៊ុមថ្មីនៅឆ្នាំនេះផងដែរ៕