(កូរ៉េ)៖ ពេលនេះ Big Hit Entertainment កំពុងតែប្តឹងក្រុមហ៊ុន MGM Media ដោយសារតែរំលោភសិទ្ធិរបស់ BTS ចំពោះការ ប្រើឈ្មោះនិងរូបភាពរបស់ពួកគេ។ នៅថ្ងៃនេះ ភ្នាក់ងារបានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយទៅកាន់ក្រុមអ្នកគាំទ្រ BTS ថា នេះមិនមែនជាលើកទីមួយរបស់ MGM Media ដែលព្យាយាមធ្វើរឿងស្រដៀងគ្នានេះកាលពីចុងឆ្នាំមុន។

យើងកំពុងពិនិត្យមើលលើការរំលោភកម្មសិទ្ធិបញ្ញាពាក់ព័ន្ធនឹងការប្រើឈ្មោះរបស់ BTS ដែលកំពុងតែកើនឡើង នាពេលថ្មីៗនេះ។ តាមរយៈសេចក្តីថ្លែងការណ៍ឲ្យដឹងថា កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ Big Hit Entertainment បញ្ជាក់ថា ក្រុមហ៊ុន MGM Media បានបើកការបញ្ជាទិញជាមុនសម្រាប់ទស្សនាវដ្តីពិសេស Star Focus តាមរយៈ ហាង Kyobo Bookstore, Aladin និង Yes24។ ការបោះពុម្ពផ្សាយនេះបានចុះបញ្ជីសៀវភៅរូបថត BTS "BTS Special in Depth" ឌីវីឌី និងកាតរូបថតថែមទៀតដោយប្រើរូបភាព និងឈ្មោះរបស់ BTS ដែលយើងមិនអនុញ្ញាតឡើយព្រោះ ជាការរំលោភសិទ្ធិរបស់ក្រុមហ៊ុននិងសិល្បកររបស់យើង។ គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ Big Hit បានដាក់ បម្រាមនិងហាមឃាត់ការបោះពុម្ភផ្សាយរូបថតរបស់ក្រុមហ៊ុន Star Focus ដែលមានឈ្មោះថា BTS History Special in Depth ដែល MGM Media ព្យាយាមចេញផ្សាយនៅក្នុងខែធ្នូ ឆ្នាំ២០១៨ ក្រោមហេតុផលនៃការប្រារព្ធខួប២០០០ថ្ងៃ នៃការចាប់ផ្តើមដំបូងរបស់ BTS។

ក្រោយមកដោយមានការប្តឹងពី Big Hit តុលាការក៏សម្រេចឲ្យ MGM Media បញ្ឈប់ ការលួចចម្លងរបស់គេហើយក្នុងករណីបំពាន MGM ត្រូវបង់សង Big Hit នូវទឹកប្រាក់ចំនួន ២០លានវ៉ុនក្នុងមួយថ្ងៃ។ ប៉ុន្តែចុងក្រោយក្រុមហ៊ុននេះកាន់តែផ្គើនដោយមិនអើពើនឹងបម្រាមរបស់តុលាការទេ ទើបពេលនេះ Big Hit ព្រមាន ជាថ្មីជាមួយនឹងការចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរឹង ដើម្បីការពារសិល្បកររបស់ខ្លួន៕