(ភ្នំពេញ)៖​ នៅរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩នេះ ក្លឹបកីឡាបាល់ទាត់វិសាខា នឹងរៀបចំកម្មវិធី “សប្បុរសធម៌ ស្ដីពីកីឡាបាល់ទាត់” នៅកីឡដ្ឋានខេត្តព្រៃវែង ដោយមានសិស្ស និងក្មេងៗកុមារកំព្រាប្រមាណជាង ១៥០នាក់ចូលរួម។ នេះបើតាមការជូនដំណឹងរបស់ក្លឹបវិសាខា ស្របពេលក្លឹបចំណាត់ថ្នាក់លេខ៣ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៨ ត្រៀមចាកចេញពីមាតុភូមិ ទៅបោះជំរុំហ្វឹកហាត់នៅថៃជិតកន្លះខែ នាពេលឆាប់ៗខាងមុខ។

នេះគឺជាលើកទី៣ ហើយ ដែលក្លឹបកីឡាបាល់ទាត់វិសាខាបានរៀបចំកម្មវិធីសប្បុរសធម៌នេះឡើង នៅខេត្តព្រៃវែងក្រោមការដឹកនាំ និងចង្អុលបង្ហាញរបស់លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ កែ សួនសុភី ប្រធានក្លឹបកីឡាបាល់ទាត់វិសាខា ដើម្បីចែករំលែកបទពិសោធន៍កីឡាបាល់ទាត់ដល់ក្មេងៗកុមារកំព្រា និងបណ្ដុះស្មារតីស្រលាញ់កីឡា ឲ្យលេងកីឡាពេលទំនេរពីការសិក្សា ដោយលោកគ្រូ និងកីឡាករទាំងអស់ នៃក្លិបកីឡាបាល់ទាត់វិសាខា។

គួរបញ្ជាក់ថា បន្ទាប់ពីចប់កម្មវិធី “សប្បុរសធម៌ ស្ដីពីកីឡាបាល់ទាត់” លើកទី៣ នៅខេត្តព្រៃវែង ក្លឹបកីឡាបាល់ទាត់វិសាខា នឹងបន្ដដំណើរទៅក្រុងប៉ោយប៉ែត ហើយឆ្លងដែនចូលទឹកដីថៃ ដើម្បីបំពេញបេសកកម្មបោះជំរុំក្រៅស្រុករបស់ខ្លួនចាប់ពីថ្ងៃទី០៧-១៨ ខែមករា ឆ្នាំ២០១៩ ហើយបើតាមការបញ្ជាក់របស់ថ្នាក់ដឹកនាំក្លឹបដ៏មានសក្ដានុពលមួយនេះ វិសាខាក៏នឹងមានការប្រកួតមិត្តភាពអន្ដរជាតិ ៣ទៅ ៤ប្រកួត នៅប្រទេសថៃផងដែរ៕