(ភ្នំពេញ)៖ ជានិច្ចកាលទស្សនិកជន ធ្លាប់តែឃើញ នាយចយ លេងកំប្លែង បង្ករសំណើចក្អាកក្អាយដល់ទស្សនិកជន ឱ្យសប្បាយរីករាយ នឹងទេពកោសល្យរបស់លោក។ យ៉ាងណាមិញ ផ្តើមឆ្នាំថ្មី នាយចយ បានធ្វើទស្សនិកជនចាប់អារម្មណ៍គ្រប់គ្នា ជាមួយនឹងរសជាតិថ្មីប្លែកអារម្មណ៍ ដោយលោកបានបង្វែទៅបកស្រាយចម្រៀងមួយបទយ៉ាងពីរោះ និងបែបកំប្លុកកំប្លែង ក្រោមចំណងជើងថា «ប្រពន្ធឈប់ឱ្យដើរ»។

ការចែករំលែកពេញបណ្តាញសង្គម និងនឹកស្មានថា តារាកំប្លែង ដែលមានភរិយាស្រស់សោភារូបនេះ មានទេពកោសល្យ ​ចម្រៀងយ៉ាងមានទឹកដមពីរោះរណ្តំ ចេះបន់បែនសំឡេង រួមផ្សំជាមួយនឹងកាយវិការសម្តែងក្នុង MV យ៉ាងទាក់ទាញ ល្អស្តាប់ហើយ ល្អមើលថែមទៀត។ អ្វីដែលពិសេស មិនគ្រាន់តែចាប់អារម្មណ៍នឹងទឹកដមសំនៀង ការសម្តែងក្រមិចក្រមើមនោះទេ បើងាកទៅអត្ថន័យ នៃបទចម្រៀងវិញ គឺពិតជាត្រូវនឹងសាច់រឿង ក្នុងសង្គមតែម្តង ជាពិសេសចាក់ដោតខ្លាំង ដល់បុរសៗ ដែលត្រូវបានភរិយា ហាមមិនឱ្យដើរផឹកស៊ីនៅខាងក្រៅផ្ទះ។

យ៉ាងណាមិញ ចង់ដឹងថាចម្រៀងដែលបកស្រាយដោយ នាយចយ ពីរោះកម្រិតណានោះ សូមរីករាយសណ្ដាប់ដូចតទៅ៖