(ភ្នំពេញ)៖ តារាចម្រៀងប្រុស លោកសាន ផានិត ដែលស្ថិតក្នុងដួងចិត្តទស្សនិកជនគ្រប់ស្រទាប់ និងត្រូវបានគេដឹងថា ជាតារាចម្រៀងឯករាជ្យមួយរូប បច្ចុប្បន្ន ត្រូវបានគេសង្កេតឃើញថា លោកបានបញ្ចេញនូវស្នាដៃ ចម្រៀងថ្មីជាបន្តបន្ទាប់ សម្រាប់កំដរអារម្មណ៍ទស្សនិកជន។ យ៉ាងណាមិញ ដើម្បីស្វាគមន៍ឆ្នាំថ្មី លោកបានបញ្ចេញ Full MV ចម្រៀងថ្មីមួយ មានចំណងជើងថា «ភ្លេងការ» ដែលមានលាយឡំជាមួយនឹង ការសម្តែងចូលតួខ្លាំង ក្នុងបទបែបមនោសញ្ចេតនា ព្រាត់ប្រាស់ស្នេហា កម្សត់ត្រូវចិត្ត អ្នកមានគូស្នេហ៍ តែមិនបានរៀបការជាមួយគ្នា។

អ្វីដែលសំខាន់ MV ចម្រៀងថ្មីបទ «ភ្លេងការ» នេះផងដែរ កំពុងតែចាត់ដោតអារម្មណ៍ អ្នកបែកបាក់ស្នេហាយ៉ាងខ្លាំង ជាពិសេសអ្នកដែល ត្រូវបានគូស្នេហ៍ម្ខាងទៀត ទៅរៀបការជាមួយអ្នកថ្មី។ បទចម្រៀងមនោសញ្ចេតនា ស្នេហាកម្សត់ ដែលច្រៀងដោយ តារាប្រុស សាន ផានិត ពេលនេះ កំពុងតែក្លាយ ជាចំណីអារម្មណ៍ប្លែកមួយបែបទៀត សម្រាប់ទស្សនិកជន ខណៈចេញមិនទាន់បានចំអិនកំពិសផង មានមិត្តៗ ទស្សនិកជន ដែលត្រូវសាច់រឿងស្នេហារបស់ខ្លួន ធ្វើការចែករំលែកពេញបណ្តាញសង្គមតែម្តង។

គេចាំបានថា មួយរយៈមុន គ្រាន់តែបង្ហោះ នូវបទចម្រៀងថ្មីៗប៉ុន្មានបទ ដែលជាស្នាដៃថ្មីរបស់លោក សាន ផានិត មានដូចជាបទ «មានជីវិតត្រូវតស៊ូ» និងបទ «រដូវស្លឹកឈឺជ្រុះ» មិនទាន់បានប៉ុន្មានផង គឺមានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកគាំទ្រ ខណៈគ្រប់បទសុទ្ធសឹងតែ ត្រូវចិត្តមិត្តយុវវ័យ និងសាច់រឿងពិត ក្នុងសង្គមបច្ចុប្បន្ន។ ងាកមក MV ថ្មីបទ «ភ្លេងការ» មួយនេះវិញ ក៏មានការគាំទ្រច្រើនណាស់ដែរ ព្រោះការបកស្រាយចម្រៀងរបស់លោក សាន ផានិត មិនត្រឹមតែមាន ទឹកដម ពិរោះ ប៉ុណ្ណោះទេ ថែមទាំងមានសាច់រឿងក្នុង MV ត្រូវនឹងរឿងរ៉ាវស្នេហារបស់យុវវ័យមួយចំនួន នាពេលបច្ចុប្បន្នទៀតផង។

តោះ! រីករាយសន្តាប់ចម្រៀងថ្មី បទ «ភ្លេងការ» ដូចខាងក្រោម៖