(ភ្នំពេញ)៖ ពិធីការិនីពូកែ វោហារស័ព្ទសម្ដីផ្អែម អធិប្បាយមិនចេះរីងស្ងួត ប្រចាំស្ថានីយទូរទស្សន៍​បាយ័ន អ្នកនាង ស៊ឹម សូលីកា នៅតែមានប្រិយមិត្តទស្សនិកជន សម្គាល់ឃើញថា អ្នកនាង នៅតែមានទំនាក់ទំនង ក៏ដូចជារាប់អានគ្នា ដូចជាគ្រួសារតែមួយ បើទោះបីជានាង និងអតីតស្វាមី​បានចែកផ្លូវគ្នាដើរ​ ព្រមទាំងមានដៃគូជីវិតរៀងៗខ្លួនហើយនោះ។

ជាក់ស្ដែង នៅក្នុងឱកាសឆ្លងឆ្នាំ កន្លងទៅនេះ ពិធីការីនីរូបស្រស់ សោភា អ្នកនាង ស៊ឹម សូលីកា បានបង្ហោះរូបភាពជួបជុំ គ្រួសារក្នុងឱកាស​ឆ្លង​ឆ្នាំនេះ​ ដែលមើលទៅ ពិតជាមានសុភមង្គល ដោយនាង​បាន​រៀបចំ​ពិធី ជប់លៀង​ឆ្លង​ឆ្នាំ​ នៅ​គេហដ្ឋាន​របស់ខ្លួន​យ៉ាង​រីករាយ​។ ​​ក្នុង​ការជួបជុំនោះ ​រួមមាន​អតីត​ស្វាមី ​ក៏បាន​មក​​ចូលរួម​ឆ្លង​ឆ្នាំ ​ជាមួយ​នាងនិង​កូនស្រី​​ព្រម​ទាំង លោក​ ​អេង​ ​ឫទ្ធី​ ​ជាគូ​ស្នេហ៍​ថ្មី របស់នាងក៏បានចូលរួម យ៉ាង​រីករាយ​ថែមទៀតផង។​

ជាមួយគ្នានេះដែរ ​មាន​ការ​បង្ហើប​ ពីសំណាក់​ប្រភព​ដែល​ជិតស្និទ្ធ ជាមួយ​អ្នកនាង ស៊ឹម​ ​សូលី​កា​ ​ឲ្យដឹងថា​ពិធីការិនីរូបនេះ ​និង​​អតីត​​ស្វាមី ​នៅតែបន្ត​រាប់អាន​គ្នា​ជាធម្មតា ​ហើយ​ពេលនេះផងដែរ ​អតីត​ស្វាមី​របស់នាង​ ក៏​មាន​ភរិយា​ហើយ​ដែរ​ ​ស្របពេលដែរ អ្នកនាង ស៊ឹម សូ​លីកា ក៏បានសាងស្នេហ៍ថ្មី​ ជាមួយនឹងពិធីករ ដែលជាដៃគូដ៏ស័ក្តិសមសម្រាប់នាង។​

គួរបញ្ជាក់ថា អ្នកនាង ស៊ឹម​ ​សូលី​កា​ ​និងកូនស្រីតែមួយរបស់នាង បច្ចុប្បន្នកំពុង​រស់នៅ ​យ៉ាង​មាន​សុភមង្គល​ ក្នុង​ជីវភាព​ហ៊ឺហា​ជាមួយ​លោក​ ​អេង​ ​ឫទ្ធី​ ​ដែលជាគូស្នេហ៍ថ្មី ហើយជា​រឿយ​ៗ​ គូស្នេហ៍​វ័យ​កណ្តាល​មួយ​គូ​នេះ​ តែង​បង្អួត​រូប​ថ​ត​ផ្អែមល្ហែមជាមួយគ្នា បង្ហាញដល់​អ្នកគាំទ្រ​ផងដែរ៕