(ម៉ាឌ្រីដ)៖ ក្លឹបអធិរាជស Real Madrid លេងក្នុងក្របខណ្ឌ La Liga របស់អេស៉្បាញ បានព្រមព្រៀងបន្តកិច្ចសន្យាថ្មីជាមួយអ្នកចាំទី Keylor Navas រយៈពេល១ឆ្នាំទៀត បន្ថែមលើកិច្ចសន្យាចាស់ដែលនឹងផុតកំណត់នៅឆ្នាំ២០២០។ បុរសវ័យ៣២ឆ្នាំ សញ្ជាតិកូស្តារីកា Navas បានខកខានចូលទីលានប្រកួត ក្រោយវត្តមានអ្នកចាំទី Thibaut Courtois ចូលមកដល់ទឹកដីកីឡដ្ឋាន Santiago Bernabeu នារដូវក្តៅដោយមានលោក Salori ចូលមកដឹកនាំក្រុម។

តាមព័ត៌មានផ្សេងៗបានឲ្យដឹងថា Navas ផ្ទាល់ និងគ្រួសារក៏មិនដាច់ចិត្តនឹងការដើរចេញពីទីក្រុង Madrid នោះដែរ ប្រសិនបើមានចំណាត់ការដោះស្រាយលើបញ្ហានេះឲ្យបានដាច់ស្រឡះ។

តែបើតាមកការចុះផ្សាយដោយសារព័ត៌មាន Marca វិញ កិច្ចសន្យាថ្មីនេះនឹងអាចធ្វើឲ្យ Navas ទទួលបានប្រាក់ពលកម្ម ៦លានដុល្លារបន្ថែម និងមិនអាចចាកចេញទៅកាន់ក្លឹបណាបានទេ ហើយក៏គ្មានសេចក្តីរាយការណ៍ណាមួយក្នុងរដូវកាលទីផ្សារដោះដូរកីឡាករក្នុងខែមករានេះ គ្រាដែលកីឡាកររូបនេះ ទើបបង្ហាញការចាប់អារម្មណ៍លើទីលានបានតែ ៨ប្រកួតប៉ុណ្ណោះ ក្នុងរដូវកាលថ្មីឆ្នាំ២០១៨-២០១៩ នេះ៕