(ភ្នំពេញ)៖ ទស្សនិកជនសម្តែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំង ពេលប្រទះឃើញរូបភាពប៉ុន្មានសន្លឹក របស់តារាសម្តែងស្រី ដ៏មានប្រជាប្រិយភាព គឺ Taew Natapohn លេងស្ទិលតែងខ្លួន សិចស៊ីកប់ មិនធ្លាប់ឃើញពីមុនមក ខណៈកន្លងទៅ ទស្សនិកជនតែងតែឃើញ តារាស្រីដួងនេះ តុបតែងកាយសាមញ្ញៗ សុភាពរាបសារ។ អ្វីដែលពិសេស គឺពិតជាបង្ហាញនូវរូបសម្រស់ ដ៏ស្រស់ស្អាត របស់នាងជាខ្លាំង និងមើលទៅពិតជាថ្លៃថ្នូរ និងគួរឲ្យស្រលាញ់តែម្តង។

ជាការកត់សម្គាល់ ការតុបតែងខ្លួនបែបសិចស៊ី ពីសំណាក់តារាស្រី Taew Natapohn គឺក្នុងឱកាសតារាស្រីដួងនេះ ចាប់ដៃគូសម្តែងជាមួយតារាប្រុស លោក James Jirayu ក្នុងការប្រគុំតន្រ្តីមួយ នាថ្ងៃឆ្លងឆ្នាំសាកល។ អ្វីដែលពិសេស តាមរយៈរូបភាព ដែលត្រូវបានអ្នកលេងបណ្តាញសង្គម ធ្វើការចែករំលែកតៗគ្នានោះ គឺមិនត្រឹមតែបង្ហាញពី ការស្លៀកពាក់សិចស៊ីរបស់ Taew Natapohn ក្នុងការបើកទំព័រឆ្នាំ ២០១៩នោះទេ ថែមទាំងមានបង្ហាញរូបភាពស៊ីអារម្មណ៍មួយចំនួន រវាង Taew Natapohn ជាមួយនឹង តារាសម្តែងប្រុសល្បីល្បាញ James Jirayu ទៀតផង។

កាលដែរបានឃើញ បែបនេះហើយ បណ្តាអ្នកគាំទ្ររបស់តារាប្រុសស្រី ទាំងពីរដួងនេះ ពិតជាបង្ហាញនូវការចាប់អារម្មណ៍ជាខ្លាំង ព្រោះវាប្រៀបបាននឹង ផ្ទាំងទស្សនីយភាពថ្មីមួយ សម្រាប់ជាការមើលកំសាន្តអារម្មណ៍របស់អ្នកគាំទ្រ ក្នុងឆ្នាំថ្មីនេះ៕