(ភ្នំពេញ)៖ ដើម្បីស្វាគមន៍អ្នកគាំទ្រ ក្នុងឆ្នាំ២០១៩ តារាចម្រៀងស្រីទឹកមុខ សិចស៊ី អ្នកនាង ទូច ស្រីលក្ខណ៍ បានបញ្ចេញ MV ចម្រៀងថ្មីមួយបទភ្លាម ក្រោមចំណងជើងថា «ប្រុសមារយាទក្បត់» ខណៈបទនេះ ត្រូវបានទស្សនិកជន មិនតិចនាក់នោះទេ ចាប់អារម្មណ៍ ព្រោះទាំងអត្ថន័យ និងសាច់រឿងសម្តែង បានបង្ហាញយ៉ាងច្បាស់ ពីស្នេហាក្នុងសង្គមបច្ចុប្បន្ន។

អ្វីដែលពិសេស បទថ្មី «ប្រុសមារយាទក្បត់» នេះផងដែរ ត្រូវបានគេដឹងថា គឺជាស្នាដៃនិពន្ធ ដោយតារាប្រុសពូកែរ៉េប ដែលបានបាត់មុខមួយរយៈធំពីសិល្បៈ ហើយទើបតែងើបមុខមកវិញ គឺពូឃ្លាំង។ លោកបាន និពន្ធបទនេះឡើង សម្រាប់ ទូច ស្រីលក្ខណ៍ ជាមួយនឹងអត្ថន័យឈឺចាប់រឿងស្នេហា ទុក្ខខ្លោចផ្សាររបស់នារី ពេលសង្សារបែកចិត្តជាដើម រួមផ្សំជាមួយនឹងការសម្តែងក្នុង MV យ៉ាងស៊ីសង្វាក់គ្នា ពីសំណាក់ តារាប្រុស លោក អេឡិច ចិត្រា និងអ្នកនាង ទូច ស្រីលក្ខណ៍។

ក្នុងបទចម្រៀងនេះ គឺបានបង្គប់នូវខ្លឹមសារថា ពេលបុរសជាគូសង្សារ ចង់បែកចិត្ត មនុស្សស្រីធ្វើអ្វីក៏ខុស មិនពេញចិត្ត ប្រើប្រាស់កំហឹង អំពើហឹង្សារទាំងផ្លូវចិត្តនឹងផ្លូវកាយ ធ្វើឱ្យមនុស្សស្រី ឈឺចាប់ ខ្លោចផ្សារក្នុងរឿងស្នេហាជាដើម ខណៈខ្លឹមសារទាំងនេះ បានឆ្លុះបញ្ចាំង នូវរឿងរ៉ាវស្នេហាពិតៗ របស់ទស្សនិកជនមួយចំនួនថែមទៀត៕