(ម៉ាឌ្រីដ)៖ ក្លឹបយក្សអេស៉្បាញ Real Madrid បានបញ្ចប់ការចុះហត្ថលេខាខ្ចីជើងកីឡាករខ្សែប្រយុទ្ធវ័យត្រឹមតែ ១៨ឆ្នាំ Mohamed Mizzian ពីក្លឹប Melilla ក្នុងលីគលំដាប់ទី២ អេស្ប៉ាញ ក្រោយកីឡាករវ័យក្មេងរូបនេះបានបង្ហាញទម្រង់លេង គួរឲ្យចាប់អារម្មណ៍ក្នុងការប្រកួតពានរង្វាន់ Copa del Rey ជើងទី២ ឲ្យ Melilla ទល់នឹង Real កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨។

លោក Solari គ្រូបង្វឹក Real Madrid បានឲ្យដឹងថា ក្នុងការនាំយកកីឡាករវ័យក្មេងរូបនេះមកកាន់កីឡដ្ឋាន Santiago Bernabeu គឺដើម្បីបំពេញនៅចន្លោះប្រហោងជាពិសេសតំបន់ប្រយុទ្ធ គ្រាដែលរូបគេអាចជំនួសកន្លែងរបស់កីឡាករ Mariano Diaz ដែលមានបញ្ហារបួស។

Mizzian ធ្លាប់ត្រូវបានក្លឹប Barcelona មានការចាប់អារម្មណ៍ដែរ ប៉ុន្ដែចុងបញ្ចប់ Madrid បានចុះកិច្ចសន្យាខ្ចីជើងកីឡាកររូបនេះបានដោយជោគជ័យ ជាមួយនឹងលក្ខខណ្ឌទិញផ្ដាច់នៅចុងរដូវកាល នៅពេលដែលកិច្ចសន្យាជាមួយក្លឹប Melilla ផុតកំណត់៕