(ភ្នំពេញ)៖ ស្រីស្រស់ថ្ពាល់ខួច ញញឹម​មានមន្តស្នេហ៍ មានមុខមាត់ស្រដៀង ទៅនឹងតារាសម្ដែងជើងចាស់ ដាញ់ ម៉ូនីកា គឺកញ្ញា ចាន់ នីកា ដែលទស្សនិកជន ស្គាល់ច្រើនតាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» តាមរយៈការផ្សាយផ្ទាល់ ពីទូរទស្សន៍ Fresh News ជារៀងរាល់ចុងសប្តាហ៍នោះ បច្ចុប្បន្នហាក់មានសន្ទុះទីផ្សារគួរឲ្យកត់សម្គាល់ ក្នុងអាជីពសិល្បៈ មិនថាសម្តែង ឬពិធីការិនីនោះទេ។ ជាក់ស្តែង​ ចូលឆ្នាំថ្មីភ្លាម នាងបានគ្រងតំណែងជាតួឯកក្នុងរឿងថ្មី​ភ្លែតតែម្តង ដោយក្នុងនោះ​នាងត្រូវបានផលិតកម្ម Khmer Drama ជ្រើសរើសឲ្យចូលរួមសម្តែងក្នុងរឿងថ្មី ​ដោយទទួលបានតំណែងជាតួឯកស្រី ក្នុងរឿង «ភរិយាឈ្លើយស្នេហ៍»។

ជាការកត់សម្គាល់ មហាជនសង្កេតឃើញថា ចាប់តាំងពីចុងឆ្នាំ ២០១៨ រហូតមកទល់នឹងដើមឆ្នាំ ២០១៩ នេះ ប្រជាប្រិយភាពរបស់​ពិធីការិនី​រូបស្រស់ ​សម្រស់ឆើតឆាយ សំដីផ្អែមល្ហែម ដូចស្ករតាំងម៉ែ កញ្ញា ចាន់ នីកា ហាក់មានទីផ្សារសិល្បៈសមល្មម ខណៈការទទួលបានតំណែង ជាតួឯកលើកនេះ ប្រៀបបាននឹងឱកាសដ៏ពិសេសមួយ ជួយឲ្យនាង បញ្ចេញសមត្ថភាពផ្នែកសម្តែង ដែលមានតាំងពីកំណើត ដល់អ្នកទស្សនា​កំសាន្តអារម្មណ៍។

ស្រីស្រស់មានរាងស្រឡូន ចង្កេះមូលក្បំ ចាន់ នីកា ​បានថ្លែងប្រាប់ Fresh News និង ​Khmer Talking ទាំងទឹកមុខស្រស់ស្រាយថា «ចា៎បង! ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់ ដែលផលិតកម្ម Khmer Drama ផ្តល់ឱកាសដល់​នាងខ្ញុំ ក្នុងការចូលរួមសម្តែងក្នុងរឿងថ្មី ​មានចំណងជើងថា «ភរិយាឈ្លើយស្នេហ៍»។ អ្វីដែលពិសេស គឺបានជ្រើសរើសខ្ញុំជា តួឯកស្រីក្នុងរឿងនេះទៀតផង។ ខ្ញុំសន្យាថា នឹងខិតខំបំពេញតួនាទីដ៏សំខាន់មួយនេះ ជាមួយនឹងតារារួមអាជីព សម្តែងឲ្យបានល្អ សម្រាប់ជាចំណីចក្ខុ ដល់ប្រិយមិត្តទស្សនិកជន ក្នុងការទស្សនាកំសាន្ត ជាមួយនឹងស្នាដៃសម្តែងរឿងថ្មី របស់ខ្ញុំនៅពេលនេះ»

យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយនោះទេ ដែលពិធីការិនី រូបស្រស់ប្រចាំកម្មវិធី «អាថ៌កំបាំងក្រៅឆាក​របស់តារា» កញ្ញា ចាន់ នីកា បានគ្រងតំណែងជាតួឯកនោះ ខណៈរឿងមុនៗ ក៏នាងបានទទួលតំណែងនេះដែរ ដូចជារឿង «ភូមិគ្រិះជំពាក់ស្នេហ៍» និងរឿងមួយចំនួនទៀត៕