(ភ្នំពេញ)៖ ក្លឹបបាល់ទាត់បឹងកេតអែហ្វស៊ី នឹងធ្វើការប្រកួតមិត្តភាពកម្តៅសាច់ដុំទល់នឹងក្រុមអាស៊ីអឺរ៉ុប យូណាយធីត នៅថ្ងៃសុក្រ ទី៤ ខែមករា ឆ្នាំ២០១៩ នៅទីលានសកលវិទ្យាល័យ AUPP នាម៉ោង ៣៖៣០នាទីរសៀល និងចាប់ផ្តើមជ្រើសរើសកីឡាករយុវជនថ្នាលផងដែរ។

ការប្រកួតកម្តៅសាច់ដុំនេះដែរ ដើម្បីត្រៀមបើករដូវកាលថ្មីរវាងក្លឹបទាំងពីរ ខណៈការប្រកួតចុងក្រោយរបស់បឹងកេតលេងស្មើទល់នឹងអគ្គិសនីកម្ពុជា ១-១ ឈ្នះអង្គរថាយហ្គឺរ ៣-២ ឈ្នះក្រសួងការពារជាតិ ២-១ និងចាញ់គិរីវង់សុខសែនជ័យ ៣-៤។

ឆ្លៀតក្នុងឱកាសនោះ ក្លឹបបាល់ទាត់បឹងកេតអែហ្វស៊ី ក៏បានប្រកាសជូនដំណឹងដល់យុវជនអាយុក្រោម១៧ឆ្នាំ (កើតក្នុងឆ្នាំ២០០២) ទាំងអស់ឲ្យបានជ្រាបថាក្លឹបនឹងបើកការធ្វើតេស្តដើម្បីជ្រើសរើសយុវជនដែលមានសមត្ថភាពចូលក្នុងក្រុមយុវជនបន្ថែមទៀតនៅថ្ងៃទី៥-៦ ខែមករា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៨៖០០ព្រឹកតទៅផងដែរនៅទីលានបាល់ទាត់ LBN (ក្រោមស្ពានជ្រោយចង្វារត្រើយខាងកើត)៕