(កូរ៉េ)៖ Yoon Ji-sung តារាចម្រៀងដែលជាអតីតមេដឹកនាំក្រុម Wanna One នឹងក្លាយជាតារាប្រុសម្នាក់នៅក្នុងតន្ត្រី "The Days" ដែលប្រារព្ធ​ឡើងនៅទីក្រុងសេអ៊ូលចាប់ពីថ្ងៃទី២២ ខែកុម្ភៈ។ Insight Entertainment តំណាងឲ្យតន្ត្រីនេះបានឲ្យដឹងថា Yoon នឹងដើរតួជា Kang Moo-young ដែល​ធ្វើការសម្រាប់សេវាសម្ងាត់។

បន្ទាប់ពីការរំសាយក្រុម Wanna One តារាប្រុសរូបនេះនិយាយថា «ខ្ញុំពិតជារីករាយដែលទទួលបានឱកាស បន្ទាប់ពីសកម្មភាពរបស់ខ្ញុំក្នុងនាមសមាជិក Wanna One បានបញ្ចប់។ ខ្ញុំតែងមានបំណងចង់បង្ហាញខ្លួននៅក្នុងតន្ត្រីមួយ។ ខ្ញុំនឹង​បង្ហាញខ្លួនក្នុងរូបភាពថ្មីដែលមិនមែនជាតារាចម្រៀង»។ ជាមួយនឹងតន្ត្រី Yoon ក៏ត្រៀមចេញអាល់ប៊ុមទោលនៅខែកុម្ភៈផងដែរ។ ដោយឡែក មិត្តរួមក្រុម Wanna One ផ្សេងទៀត នឹងបន្តអាជីពរបស់ពួកគេរៀងៗខ្លួនដូចជា Ha Sung-woon កំពុងត្រៀមចេញអាល់ប៊ុមទោល រីឯ Lai Kuan-lin នឹងបន្តអាជីពជាតារាសម្ដែងនៅប្រទេសចិន។ គួរបញ្ជាក់ថា "The Days" គឺជាតន្ត្រី jukebox ដែលត្រូវបានបង្កើតឡើងដោយ Kim Kwang Seok និងបង្ហាញប្រាប់ពីរឿងរ៉ាវអាថ៌កំបាំងដែលបានកើតឡើងកាលពី ២០ឆ្នាំមុន។

តន្រ្តីនេះទទួលប្រជាប្រិយភាពចាប់តាំងពីសម្តែងនៅលើឆាកជាលើកដំបូងក្នុងឆ្នាំ២០១៣ ហើយផលិតកម្មនឹងបង្ហាញព្រឹត្តិការណ៍ដ៏ធំនេះជាថ្មីនៅឯ Blue Square Interpark Hall នាទីក្រុងសេអ៊ូលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩៕