(ភ្នំពេញ)៖ កីឡាករចាំទី យ៉ាទី ដែល​ផ្លាស់​ទៅ​ ណាហ្គាវើល​ ​កាល​ពាក់​កណ្ដាល​រដូវ​​មុន​នេះ​នឹង​ ​បង្ហាញ​ខ្លួន​ក្នុង​ពាន​លំដាប់​ទី​២ ទ្វីប​អាស៊ី​ AFC Cup ជា​មួយ​ណាហ្គាវើល ក្រោយ​បង្ហាញ​ខ្លួន​ពីរ​​ឆ្នាំ​​ជាប់​គ្នា​ជា​មួយ​ក្រុម បឹងកេត។

អ្វីដែលសំខានផងនោះ ​ជា​កំណត់​ត្រា​ថ្មី​ មួយ​ទៀត​សម្រាប់​អ្នក​ចាំ​ទី​ដៃ​ស្អិត​រូប​នេះ។​ ​ ​យ៉ាទី ជា​អ្នក​ចាំ​ទី​ត្រូវ​បាន​កត់​ត្រា​ក្នុង​ប្រវត្តិ​បាល់ទាត់​កម្ពុជា តាម​រយៈ​​​ការ​​រួម​ចំណែក​ឲ្យ​ ៤ ក្លឹប​ឈ្នះ​ពាន​ផ្សេង​គ្នា។ គេ​ឈ្នះ​​ពាន​នៅ​​ក្រុម​ការពារជាតិ​, ភ្នំពេញក្រោន, បឹងកេត​ និង​ ចុង​​ក្រោយ​ ណាហ្គាវើល។​

គួររំលឹកបន្ថែមទៀតថា នៅ​ឆ្នាំ​ ២០១០​ ជា​ឆ្នាំ​ដំបូង​ដែល​ ស៊ូ យ៉ាទី​ លើក​ពាន​សម្ដេច​ ហ៊ុន សែន​ ពេល​​​លេង​នៅ​ការពារជាតិ​ជា​មួយ​អ្នក​ចាំ​ទី​រៀម​ច្បង​ សំរឹទ្ធ សីហា។​ ​ក្រោយ​មក​ យ៉ាទី​​​ ជួយ​ ភ្នំពេញក្រោន​ ឈ្នះ​ពាន​​លីគ​កំពូល​ឆ្នាំ​ ២០១៤ ​​ និង ​ទទួល​បាន​លេខ​៣​នៅ​ពាន​ Mekong Club Championship ​​​បន្ទាប់​ពី​​ផ្លាស់​ពី​ការពារជាតិ​នៅ​ឆ្នាំ ​២០១៣។​

កាន់​តែ​គួរ​ឲ្យ​កត់​សំគាល់​​ថែមទៀត យ៉ាទី ជួយ​ឲ្យ​ បឹងកេត​ លើក​ពាន​​លីគ​កំពូល​ ២ ដង​ជាប់​គ្នា​ ​នៅ​ឆ្នាំ​ ២០១៦ និង​ ​២០១៧ ​និង​ កក់​កៅ​អី​​លេង​ពាន AFC Cup។ ​​ ឆ្នាំ​ ២០១៥ ជា​ឆ្នាំ​ល្អ​ទៀត ពេល​ជួយ​ ​បឹងកេត​ ​ក្លាយ​ជា​ជើង​ឯក​រង​ Mekong Club Championship​។

យ៉ាទី គេ​បាន​​ក្លាយ​ជា​អ្នក​ចាំ​ទី​​ល្អ​នៅ​ពាន Mekong Club Championship ​​នា​ឆ្នាំ​ ២០១៥ ទៀត​ផង។ ​​​មិន​ត្រឹម​ជួយ​​បឹងកេត​ ឈ្នះ​ពាន តែ​ខ្លួន​គេ​ផ្ទាល់​​ ​ឈ្នះ​ពាន​ស្រោម​ដៃ​នៅ​លីគ​កំពូល​កម្ពុជា​ ​២០១៧ ។

ក្លឹបណាហ្គាវើល ស្ថិត​នៅ​ពូល​ F ជា​មួយ​ Hanoi FC ​របស់​វៀតណាម , Tampines Rovers របស់​សិង្ហបុរី​ និង ​Yangon United /​ Zwekapin United​ របស់​មីយ៉ាន់ម៉ា។​ ​ ណាហ្គាវើល ​ប្រកួត​បើក​ឆាក​​ដោយ​​ទៅ​សួរ​សុខទុក្ខ​​​ម្ចាស់​ផ្ទះ​ Hanoi FC ​នា​ថ្ងៃ​ទី​ ២៦​ ខែ កុម្ភៈ​ ឆ្នាំ​ ២០១៩ ​ខាង​មុខ​ មុន​​​ទទួល​ភ្ញៀវ​ Yangon United /​ Zwekapin United របស់​ មីយ៉ាន់ម៉ា ​នៅ​ទឹក​ដី​កម្ពុជា។

​ឆ្នាំ​២០១៨​ ជា​ឆ្នាំ​ជោគជ័យ​ថ្មី​មួយ​ទៀត​ ​ពោល​​រូប​គេ​ ​ជួយ​ឲ្យ​​ណាហ្គាវើល ឈ្នះ​ពាន​​ លីគ​កំពូល​ ​បន្ទាប់​ពី​ខកខាន​តាំង​ពី​ឆ្នាំ​ ​២០០៩មក។​ ​ឆ្នាំ​ ២០១៩ ខាង​មុខ​ជា​ឆ្នាំ​ដែល​រូប​គេ​ត្រូវ​​រួម​ចំណែក​ណាហ្គាវើល ដើម្បី​​​ ​​ត្រៀម​​ដៃ​ចាប់​​ក្នុង​​ការ​​ប្រកួត​ក្នុង​ពាន AFC Cup។

សូមបញ្ជាក់ផងដែរថា អ្នក​ចាំ​ទី​ជម្រើស​ជាតិ​ និង ណាហ្គាវើល ស៊ូ យ៉ាទី​ ដែល​មាន​​វ័យ​ ២៧ ឆ្នាំ​​នឹង​​ក្លាយ​ជា​កីឡាករ​​ខ្មែរ​ម្នាក់​គត់​លេង​ក្នុង​ពាន​ AFC Cup ​៣​ឆ្នាំ​ជាប់​គ្នា៕