(កូរ៉េ)៖ តួអង្គជាច្រើននៅក្នុងសាច់រឿង "Devilish Joy" នៅតែមិនទាន់ទទួលបានប្រាក់កម្រៃក្នុងការសម្តែង។ កាលពីថ្ងៃទី២៨ ខែធ្នូ មាន​សេចក្តីរាយការណ៍ថា តារាសម្តែងក្នុងខ្សែភាពយន្តនេះរួមទាំង Song Ha Yoon និង Lee Joo Yeon កំពុង រង់ចាំប្រាក់កម្រៃពីក្រុមហ៊ុន។

កាលពីពេលមុនផលិតកម្ម Golden Thumb Pictures បានបញ្ជាក់ថា គ្រប់គ្នានឹងត្រូវបាន ប្រាក់កម្រៃក្នុងការសម្តែងនៅថ្ងៃទី៣១ ខែធ្នូ ប៉ុន្តែរហូតមកដល់ពេលនេះភ្នាក់ងាររបស់តួអង្គម្នាក់ៗបានឲ្យដឹងថា តារា សម្តែងគ្រប់គ្នានៅមិនទាន់ទទួលបានប្រាក់កម្រៃនៅឡើយទេរួមទាំង Song Ha Yoon និង Lee Joo Yeon ផងដែរ។ ភ្នាក់ងារបន្តថា «វាគ្មានភាពច្បាស់លាស់ដែលយើងអាចដឹង ថាតើក្រុមហ៊ុននោះនឹងផ្តល់កម្រៃសម្តែងទៅដល់សិល្បករ គ្រប់គ្នាដែរឬទេ? យើងមិនអាចជឿទុកចិត្តទេ បន្ទាប់ពីមានការសន្យាពីមុនហើយតែមិនត្រូវបានអនុវត្ត»

ជាមួយគ្នានេះ JYP Entertainment ភ្នាក់ងាររបស់ Song Ha Yoon បានបញ្ជាក់ថា «យើងគ្រោងនឹងចាត់វិធានការតាមផ្លូវច្បាប់ ដែលមានទាំងបណ្តឹងរដ្ឋប្បវេណី និងព្រហ្មទណ្ឌ ប្រឆាំងនឹងភាគីពាក់ព័ន្ធដែលមិនបានចំណាយប្រាក់កម្រៃ ក្នុងការសម្តែងរឿង "Devilish Joy" ឲ្យ​សិល្បកររបស់យើង។ ករណីនេះគេមិនអាចទាក់ទងខាង Golden Thumb Pictures ដើម្បីឆ្លើយតបបាននៅឡើយទេ»